មេដឹកនាំអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន ប្រឆាំងនឹងអ៊ីរ៉ង់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ៨ មេសា សប្ដាហ៍នេះថា អ៊ីស្រាអែលនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងអ៊ីរ៉ង់ប្រសិនបើចាំបាច់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។

លោក Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា រូបលោកសូមបញ្ជាក់ឲ្យច្បាស់ថា ពួកលោកនៅតែមានគោលបំណងត្រូវបំពេញ ហើយពួកលោកនឹងសម្រេចបាននូវគោលបំណងទាំងនោះ ទាំងតាមរយៈការព្រមព្រៀង ឬតាមរយៈការប្រយុទ្ធគ្នាឡើងវិញ។

ពួកលោកត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ទៅសមរភូមិវិញនៅពេលណាចាំបាច់។ ម្រាមដៃរបស់ពួកលោកនៅតែស្ថិតនៅលើកៃកាំភ្លើង។នេះមិនមែនជាចុងបញ្ចប់នៃយុទ្ធនាការនោះទេ ប៉ុន្តែជាជំហានមួយលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងទាំងអស់របស់អ៊ីស្រាអែល។

លោក Netanyahu ក៏បានវាយបកផងដែរ ទៅលើមេដឹកនាំប្រឆាំងដែលបានស្តីបន្ទោសរូបលោកចំពោះការយល់ព្រមលើបទឈប់បាញ់មុនពេលអ៊ីស្រាអែលសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងសង្គ្រាម។

លោក Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ដូចដែលអ្នកបានដឹងហើយថា កាលពីយប់មិញ បទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមាន ដោយមានការសម្របសម្រួលយ៉ាងពេញលេញជាមួយអ៊ីស្រាអែល។

ឥស្សរជនប្រឆាំងសំខាន់របស់អ៊ីស្រាអែល លោក Yair Lapid បានហៅបទឈប់បាញ់នេះថាជា «គ្រោះមហន្តរាយការទូត» សម្រាប់អ៊ីស្រាអែល ដោយនិយាយថា លោក Netanyahu បានបរាជ័យក្នុងការសម្រេចគោលដៅរបស់ប្រទេសនេះ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *