លោក ត្រាំ ទទូចចង់ឃើញ ណាតូ ប្តេជ្ញាការពារច្រក Hormuz

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ទទូច ឲ្យមានការប្តេជ្ញាចិត្តជាក់លាក់ របស់អង្គការយោធាអន្តរជាតិ ណាតូ លើការការពារច្រកសមុទ្រ Hormuz នេះបើតាមការចេញផ្សាយ របស់ CNN។

សារព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អគ្គលេខាធិការ អង្គការ ណាតូ លោក Mark Rutte កាលពីថ្ងៃពុធ ថា សម្ព័ន្ធភាពនេះ ត្រូវតែចាត់វិធានការជាក់ស្តែង ដើម្បីជួយធានាសុវត្ថិភាព នៃការធ្វើនាវាចរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ។

យោងតាមប្រភព, មេដឹកនាំអាមេរិកបាន ទទូចឲ្យប្រទេសណាតូ ប្តេជ្ញាចិត្ត ខ្លួនឯង នៅប៉ុន្មានថ្ងៃខាងមុខ។

ការអះអាងរបស់លោក ត្រាំ កើតមានឡើង ស្របពេលដែល អ៊ីរ៉ង់ កំពុងគិតថ្លៃសេវាសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញ ដែលបើកឆ្លងកាត់ច្រកសមុទ្រមួយនេះរួចទៅហើយ ។

អ៊ីរ៉ង់ ថែមទាំង រៀបផែនការ យកថ្លៃ សេវាកម្ម ជារៀងរហូតផងដែរ បើទោះបីជា សង្គ្រាម ត្រូវបិទបញ្ចប់ក៏ដោយ ។

ឆ្លើយតបនឹងរឿងនេះ លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិកទើបជាអ្នកស័ក្តិសមដាក់កុងត្រូល ចាំគិតលុយថ្លៃដឹកជញ្ជូន នៅតាមច្រកសមុទ្រ Hormuz ពោលមិនមែនជាប្រទេសអ៊ីរ៉ង់នោះទេ ដោយសារតែអាមេរិកបានយកឈ្នះលើសង្គ្រាមមួយនេះ ។ ក្រោយមក លោក ថា អាចបង្កើតកុងត្រូល រួមគ្នា ជាមួយអ៊ីរ៉ង់ នៅច្រកនេះ ទៀតផង។

បើតាម Tass, កាលពីថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសបទឈប់បាញ់គ្នា រយៈពេលពីរសប្តាហ៍ ជាមួយអ៊ីរ៉ង់។ ជាការ សម្រេចចិត្ត ទុកជាថ្នូរឲ្យ អ៊ីរ៉ង់ បើកច្រកសមុទ្រ Hormuz ផងដែរ៕

ប្រភពពី Tass


Comments

Leave a Reply

Your email address will not be published. Required fields are marked *