ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្នុង «ដំណាក់កាលថ្មី» នៃ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» បន្ទាប់ពីបទឈប់បាញ់រយៈពេល១០ថ្ងៃក្នុងសង្គ្រាមរបស់អ៊ីស្រាអែល-ក្រុមហេសបូឡា បានចូលជាធរមាន។
នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់ប្រជាជនលីបង់ និងបាននិយាយបង្ហើបពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ លោកAounបាននិយាយថាប្រទេសរបស់លោក លែងជា «សង្វៀនសម្រាប់សង្គ្រាមរបស់នរណាម្នាក់» ទៀតហើយ។
លីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់ បានវាយប្រហារអ៊ីស្រាអែលដើម្បីសងសឹកចំពោះការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ អ៊ីស្រាអែល បានឆ្លើយតបវិញដោយការបាញ់ផ្លោងជាបន្តបន្ទាប់ទៅលើប្រទេសលីបង់ និងបើកការវាយលុកតាមជើងគោក ដោយបានសម្លាប់មនុស្សជិត២.៣០០នាក់ និងធ្វើឱ្យមនុស្សជាងមួយលាននាក់ត្រូវភៀសខ្លួនចេញ។
លោក Aoun បាននិយាយនៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់ប្រជាជាតិចាប់តាំងពីបទឈប់បាញ់ ថា «ពេលនេះ យើងទាំងអស់គ្នា ឈរនៅចំពោះមុខដំណាក់កាលថ្មីមួយ»។ «វាគឺជាដំណាក់កាលនៃការផ្លាស់ប្តូរពីការធ្វើការលើបទឈប់បាញ់ទៅជាការធ្វើការលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលរក្សាសិទ្ធិរបស់ប្រជាជនយើង ឯកភាពនៃទឹកដីរបស់យើង និងដែនអធិបតេយ្យភាពរបស់ប្រទេសយើង»។

Leave a Reply