បេក្ខជនបក្សប្រឆាំងវេណេស៊ុយអេឡា បដិសេធការកោះហៅរបស់តុលាការកំពូល

បេក្ខជនគណបក្សបក្សប្រឆាំងវេណេស៊ុយអេឡា លោក Edmundo Gonzalez ដែលបានទទូចថាលោកឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស ពុំបានឆ្លើយតបទៅនឹងការកោះហៅរបស់តុលាការកំពូលនោះទេកាលពីថ្ងៃពុធ បន្ទាប់ពីបានចេញផ្សាយលិខិតមួយច្បាប់ ដែលនិយាយថាលោកនឹងប្រឈមមុខចំពោះការចាប់ខ្លួន ប្រសិនបើលោកមិនអនុវត្តតាម។

តុលាការកំពូលរបស់ប្រទេស ដែលកំពុងឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតី លោក Nicolas Maduro បានកោះហៅបេក្ខជន និងអ្នកតំណាងគណបក្សចំនួន១០ ក្នុងការបោះឆ្នោត ដែលបានតែងតាំងពួកគេឱ្យចូលរួម ជាអ្វីដែលខ្លួនបាននិយាយថា ជាការបញ្ជាក់អំពីលទ្ធផលបោះឆ្នោត។

អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថាលោក Maduro ជាអ្នកឈ្នះការបោះឆ្នោតដោយមានសំឡេងគាំទ្រប្រហែល ៥១% ។ ទោះយ៉ាងណា គណបក្សប្រឆាំងនិយាយថា ខ្លួនមានច្បាប់ចម្លងនៃចំនួនសន្លឹកឆ្នោត ដែលបង្ហាញថា លោក Gonzalez បានទទួលជ័យជម្នះយ៉ាងសន្ធឹកសន្ធាប់។

អាជ្ញាធររៀបចំការបោះឆ្នោត ដែលបក្សប្រឆាំងចោទថា លម្អៀងទៅរកលោក Maduro នៅពុំទាន់បញ្ចេញចំនួនសរុបនៅឡើយ។

នៅសប្តាហ៍នេះ ក្រុមតស៊ូមតិរបស់ប្រទេសវេណេស៊ុយយអេឡា បានលើកឡើងពីការព្រមានអំពីអ្វីដែលគេហៅថា «ប្រតិបត្តិការផ្តួលរំលំ» ដែលកងកម្លាំងសន្តិសុខ ត្រូវបានប្រមូលផ្តុំ នៅកន្លែងមានអ្នកតវ៉ាដែលសង្ស័យ។

អាជ្ញាធរបាននិយាយថា នគរបាលកំពុងកំណត់គោលដៅលើអ្នកនៅពីក្រោយឧក្រិដ្ឋកម្មហិង្សា ក្នុងអំឡុងពេលរលកនៃបាតុកម្មប្រឆាំងលោក Maduro បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់។