និស្សិតសកលវិទ្យាល័យការពារជាតិប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ចេតនាបំផ្លាញ សុខសន្តិភាពកម្ពុជា

បណ្តានិស្សិត និងសិក្ខាកាមយោធា នៃសកលវិទ្យាល័យការពារជាតិ បានប្រកាស​ប្រឆាំង​ដាច់​ខាត​ចំពោះ​ក្រុម​ញុះញង់​ដល់​សុខសន្តិភាពកម្ពុជា និងត្រៀមខ្លួនរួចរាល់ បំពេញតួនាទី ភារកិច្ចខ្លួន​ថែ​រក្សា​ការពារសន្តិសុខសន្តិភាព សណ្តាប់ធា្នប់សង្គម ការពារបូរណៈភាពទឹកដី ចំពោះចលនា​ក្រុម​ប្រឆាំង​ជ្រុលនិយម​មួយក្តាប់តូចនៅក្រៅប្រទេស បំផុសការញុះញង់​បំភ្លៃការ​ពិត​ពី​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​។

បណ្តានិស្សិត និងសិក្ខាកាមយោធាមកពីខេត្តរតនៈគិរីជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែ​សីហានេះថា ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានពន្យល់បង្ហាញ​អ​ស់​ហើយ អំពីក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV DTA ហើយ​មហាជនទូទាំងគឺបានច្បាស់ទាំងអស់ហើយ។ ដូច្នេះកង​កម្លាំង​ទាំង​អស់​គ្នា​ជា​និស្សិត​កំពុង​សិក្សា​ ប្រកាសប្រឆាំងដាច់ខាត និងសូមថ្កោលទោស ចំពោះជន​ណា​នៅ​តែ​បន្ត​ប្រឌិត​បំភ្លៃ​ការ​ពិត​ការងារ​ CLV-DTA ក្នុងគោលបំណងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និង​បំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។

សូម​ជម្រាបថា ក្រសួងការពារជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជាឱឡារិក ប្តេជ្ញា​រក្សា​ការពារ​ឱ្យ​ខាង​តែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ​ទោះស្ថិត​ក្នុង​ត​ម្លៃ​ណា​ក៏​ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយ​មធ្យោបា​យ​ហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។ ក្រសួងការពារជាតិ ប្រកាស​ចាត់​វិធាន​ការ​បង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្ក​វិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្ដី៕ អត្ថបទ ស៊ុម សុខជា