សហរដ្ឋអាមេរិក ស្នើឱ្យទួរគី បញ្ចុះបញ្ជូលអ៊ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទួរគី បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្នើឱ្យទួរគី និងសម្ព័ន្ធមិត្តផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឱ្យបញ្ចុះបញ្ចូលរដ្ឋអ៊ិស្លាមមួយនេះដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។

ឯកអគ្គរដ្ឋទូត លោក ជេហ្វ ហ្វ្លេក (Jeff Flake) បានធ្វើការលើកឡើងបែបនេះ ខណៈតំបន់កំពុងត្រៀមទប់ទល់ការវាយប្រហារដែលអាចកើតមានដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងហេសបូឡា។

លោក Ismail Haniyeh មេដឹកនាំនយោបាយនៃក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៣១ កក្កដា ដែលបង្កឱ្យមានការគំរាមកំហែងនៃការសងសឹកដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមអ៊ីស្លាមប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់នេះ ខណៈអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវឡើយ។

លោក Flake បាននិយាយជាមួយអ្នកសារព័ត៌មានក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា «យើងស្នើឱ្យសម្ព័ន្ធមិត្តរបស់យើងទាំងអស់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បញ្ជុះបញ្ជូលពួកគេឱ្យបន្ធូរបន្ថយកំណើនភាពតានតឹង ហើយរួមទាំងប្រទេសទួរគីផងដែរ»។

ទំនាក់ទំនងរវាងអាមេរិក និងទួរគី មានភាពតានតឹងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសម្ព័ន្ធភាពអាមេរិក ជាមួយជនជាតិឃឺដនៅស៊ីរី ដែលទួរគីចាត់ទុកជាភេរវករ និងជុំវិញការទិញប្រព័ន្ធការពារ S-400 របស់ទួរគី ដែលជំរុញឱ្យអាមេរិកដាក់ទណ្ឌកម្ម និងការដកខ្លួនចេញពីកម្មវិធីយន្តហោះ F-35។ ទោះជាយ៉ាងណាក្ដី លោក Flake បាននិយាយថា លោកគិតថា ទំនាក់ទំនងរវាងអាមេរិក និងទួរគី នៅពេលនេះ «ស្ថិតក្នុងទីតាំងល្អជាងមុន»៕