លោក Biden និយាយថាបទឈប់បាញ់ហ្កាហ្សា អាចបញ្ឈប់អ៊ីរ៉ង់ មិនឱ្យវាយប្រហារអ៊ីស្រាអែល

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចរារាំងអ៊ីរ៉ង់ ពីការវាយប្រហារលើអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើងខ្លាំង។

ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ បានច្រានចោលការអំពាវនាវរបស់លោកខាងលិច ឱ្យ«បន្ធូរបន្ថយ» ការគំរាមកំហែងនៃការសងសឹករបស់ខ្លួន។ សាធារណរដ្ឋអ៊ីស្លាមមួយនេះ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់ លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) កាលពីថ្ងៃទី៣១ ខែកក្កដា នៅទីក្រុងតេអេរ៉ង់ ខណៈអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើរឿងនោះទេ។ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកយ៉ាងចាស់ដៃចំពោះការស្លាប់នេះ។

នៅពេលត្រូវសាកសួរថា តើបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចទប់ទល់នឹងការវាយលុករបស់អ៊ីរ៉ង់ដែរឬទេ លោក Biden បានឆ្លើយថា «នោះជាការរំពឹងទុករបស់ខ្ញុំ»។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ញូវស៍ អលីនស៍ (New Orleans) ថា៖ ទោះជាការចរចាកំពុងស្ថិតក្នុង «ស្ថានភាពពិបាក» ក៏លោក «នៅតែមិនបោះបង់ឡើយ»។

អ្នកការទូតលោកខាងលិចបានព្យាយាមទប់ស្កាត់ជម្លោះដ៏ធំមួយនៅមជ្ឈិមបូព៌ា ដែលភាពតានតឹងបានកើនឡើងខ្ពស់រួចទៅហើយ ដោយសារតែសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ សេតវិមានបានព្រមានថា «ការវាយប្រហារដ៏ធំជាច្រើន» ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត អាចកើតឡើងក្នុងសប្តាហ៍នេះ ដោយនិយាយថា អ៊ីស្រាអែលក៏បានចែករំលែកការវាយតម្លៃដូចគ្នានេះដែរ៕