ក្រសួងឧស្សាហកម្ម និងធនាគារ ARDB ពិភាក្សាកិច្ចសហប្រតិបត្តិការ ផ្តោតលើការគាំទ្រវិស័យកែច្នៃចំណីអាហារ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារ ARDB ដឹកនាំដោយឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកសេវាហិរញ្ញវត្ថុ ពិសេសសម្រាប់វិស័យកែច្នៃចំណីអាហារ។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ធនាគារ ARDB ដែលបានគាំទ្រវិស័យកសិ-ឧស្សាហកម្ម និងរួមចំណែកដល់សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមបានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួង រួមទាំងការលើកកម្ពស់វិស័យកម្មន្តសាល ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឱ្យចាប់យកស្តង់ដារ ការកំណែទម្រង់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រីកសមត្ថភាពធ្វើតេស្តគាំទ្រវិស័យឯកជន និងការបង្ខិតសេវាសាធារណៈរបស់ក្រសួងទៅជិតប្រជាពលរដ្ឋជាដើម។

ឯកឧត្ដម កៅ ថាច បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលផ្តល់ឱកាសដល់គណៈប្រតិភូបានស្វែងយល់អំពីអាទិភាពការងាររបស់ក្រសួង និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានលើកឡើងថា ធនាគារ ARDB គាំទ្រដំណើរការទាំងមូល ពីការដាំដុះរហូតដល់ការកែច្នៃ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យធនាគារ ARDB សហការជាមួយសហគ្រិនខ្មែរ ដោយលើកឡើងពីសន្ទុះរីកចម្រើនក្នុងវិស័យកម្មន្តសាល និងភាពចាំបាច់នៃនវានុវត្តន៍ក្នុងការផ្តល់ហិរញ្ញប្បទាន ដូចជាការប្រើប្រាស់គ្រឿងចក្រ ឬគ្រឿងម៉ាស៊ីនជាទ្រព្យបញ្ចាំសម្រាប់កម្ចីជាដើម។

ឯកឧត្តមក៏បានលើកឡើងពី សារៈ សំខាន់នៃការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ២០២៩ ដែលនឹងទាមទារឱ្យអាជីវកម្មក្នុងស្រុកបំពេញលក្ខខណ្ឌទីផ្សារកាន់តែខ្ពស់។

ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ធនាគារ ARDB ត្រៀមខ្លួនសហការជាមួយក្រសួង និងសហគ្រិនខ្មែរ លើវិស័យកែច្នៃចំណីអាហារ ព្រមទាំងបន្តការគាំទ្ររបស់ខ្លួនដល់សហគ្រាសធុនមីក្រូ តូច ខ្នាតតូច និង មធ្យម។ ដោយ កន ចំណាន