បេសកជន៖ អ៊ីរ៉ង់ចង់ឲ្យ UN ទទួលស្គាល់អ៊ីស្រាអែលថា ជារបបភេរវកម្ម

តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ លោក Ali Bahraini បានថ្លែងថា អង្គការសហប្រជាជាតិ គួរតែប្រកាសអ៊ីស្រាអែលជារបបភេរវកម្ម ដោយសារការស្លាប់ជនស៊ីវិលយ៉ាងច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប។

លោកបានសរសេរនៅក្នុងលិខិតមួយទៅកាន់ឧត្តមស្នងការUទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk និងអ្នករាយការណ៍ពិសេសពីរនាក់របស់អង្គការនេះថា៖«អនុលោមតាមមាត្រា ២.១នៃអនុសញ្ញាអន្តរជាតិសម្រាប់ការបង្ក្រាបការផ្តល់ហិរញ្ញប្បទានភេរវកម្ម ស្ថាប័ននានានៃរបបអ៊ីស្រាអែល គួរតែត្រូវបានទទួលស្គាល់ថា ជាអង្គការភេរវកម្ម។ ដូច្នេះហើយ សកម្មភាពដែលរបបអ៊ីស្រាអែល បានធ្វើឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន គឺជាអំពើភេរវនិយមយ៉ាងច្បាស់»។ ខ្លឹមសារនៃលិខិតរបស់លោក ត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim។

លោក Bahraini បាននិយាយថា៖«តាមរយៈការសម្លាប់មេដឹកនាំប៉ាឡេស្ទីនអស់ជាច្រើននាក់ អ៊ីស្រាអែល ស្វែងរកការបំផ្លាញអត្តសញ្ញាណនយោបាយប៉ាឡេស្ទីន និងដកហូតសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនមិនឲ្យទទួលបានរដ្ឋឯករាជ្យ»។ លោកបានទាមទារឲ្យអង្គការសហប្រជាជាតិ ថ្កោលទោសការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ នៅក្នុងទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់។