[BREAKING NEWS] គណបក្សភឿថៃ សម្រេចជ្រើសរើសលោកស្រី Paetongtarnដែលជាកូនស្រីមហាសេដ្ឋីរបស់លោក Thaksin ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ

គណបក្សភឿថៃ បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេសម្រេចជ្រើសរើលលោកស្រី Paetongtarn Shinawatra វ័យ ៣៧ឆ្នាំ ដែលជាកូនស្រីមហាសេដ្ឋីរបស់លោកអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយតុលាការធម្មនុញ្ញ បានបណ្តេញនាយករដ្ឋមន្រ្តីកំពុងកាន់អំណាចលោក Srettha Thavisin ចេញពីតំណែង ពាក់ព័ន្ធករណីបំពានរដ្ឋធម្មនុញ្ញ ។

លោក Sorawong Thienthong គឺជាអគ្គលេខាធិការបក្ស និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបាងកកថា ពួកយើងសម្រេចតែងទាំងលោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ ។

ថ្ងៃសុក្រស្អែកនេះ ក្រុមតំណាងរាស្រ្ត នឹងបោះឆ្នោតនៅសភាថាតើពួកគេនឹងយល់ព្រមដែរឬទេ ឲ្យលោកស្រី Paetongtarn ធ្វើជានាយករដ្ឋមន្រ្តី ជាទីដែលគណបក្សភឿថៃ ដឹកនាំរដ្ឋាភិបាលចម្រុះ ។

ការបោះឆ្នោតនេះ កើតមានឡើង ក្រោយកាលពីថ្ងៃពុធ តុលាការធម្មនុញ្ញថៃ បណ្តេញលោក Thavisin ចេញពីតំណែងនាយករដ្ឋមន្រ្តី បន្ទាប់ពីសម្រេចថារូបលោកបានបំពានច្បាប់ តាមរយៈការតែងតាំងរដ្ឋមន្ត្រីខុទ្ទកាល័យដែលមានទោសព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា លោក Srettha គឺជានាយករដ្ឋមន្រ្តីទី ៣មកពីគណបក្សភឿថៃ ដែលត្រូវបានបណ្តេញចេញពីតំណែងដោយតុលាការធម្មនុញ្ញ និងចាកចេញពីតំណែង ក្រោយកាន់អំណាចបានរយៈតិចជាង ១ឆ្នាំ ៕