សម្តេចធិបតី សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ កំពុងនៅជប៉ុនបន់ឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ក្បាលចុះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលមានឈ្មោះថា ហៃ វណ្ណា ដែលជាជន​អុជអាល​ និងបះបោរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយជននេះមានចេតនាធំបំផុតគឺចង់ឃើញសេដ្ឋកិច្ចធ្លាក់ក្បាលចុះ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ខណៈខ្លួននិងក្រុមគ្រួសារកំពុងរស់ស្រណុកសុខស្រួលនៅប្រទេសជប៉ុននោះ។

តាមរយៈហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះ មិនខ្លាចយកឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋខ្មែរ​រាប់លាននាក់​នៅក្នុង​ប្រទេស​វាយបំបែកចោល ដើម្បីសម្រេចបាននូវ​មហិច្ឆតា​នយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល»។

សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា«ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថា​បើ​សេដ្ឋកិច្ច​ស្រុកខ្មែរ​ដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹង​អំពាវនាវ​អោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណា​ដុតអោយសេដ្ឋកិច្ចខ្មែរ​ដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ»។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ហៃ វណ្ណា និយាយនេះ​ប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារបុគ្គលនេះ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដ​ជា​មិនប៉ះពាល់បុគ្គលនេះនឹងក្រុមគ្រួសារទេ។

ប៉ុន្តែសួរថា​ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ​រាប់លាននាក់​ដែលកំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជាឬទេ? សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់សារនេះហើយពិចារណាចុះ ជាពិសេស​អ្នក​ដែល​កំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង៕អត្ថបទបាន ចក់