WHO បញ្ជាក់ពីករណីដំបូងនៃជំងឺអុតស្វាថ្មីនៅខាងក្រៅទ្វីបអាហ្រ្វិក ខណៈមេរោគរីករាលដាល

ក្រុមមន្ត្រីសុខាភិបាលនៃអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) បានបញ្ជាក់ពីការឆ្លងនៃវីរុសជំងឺអុតស្វាប្រភេទថ្មីនៅក្នុងប្រទេសស៊ុយអែត ហើយបានភ្ជាប់ករណីនោះទៅនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលជាសញ្ញាដំបូងនៃការរីករាលដាលនៅខាងក្រៅទ្វីប មួយថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសថាជំងឺនេះបញ្ហាសុខភាពសាធារណៈបន្ទាន់របស់ពិភពលោក។

មន្ត្រីសុខាភិបាលស៊ុយអែត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលនោះបានឆ្លងមេរោគអុតស្វា ខណៈពេលដែលនៅក្នុងទ្វីបអាហ្រ្វិកជាមួយនឹងពពួកវីរុស អាយប៊ី (Ib) ថ្មីនៃជំងឺអុតស្វា ដែលពាក់ព័ន្ធនឹងការផ្ទុះឡើងនាពេលថ្មីៗនេះ ហើយអ្នកជំងឺរូបនោះកំពុងតែទទួលការព្យាបាល។

លោក ឡរិន ហ្គូស្ទីន (Lawrence Gostin) អ្នកជំនាញផ្នែកសុខភាពសាធារណៈ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ចចថោន ឡ (Georgetown Law) ក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «ការលេចចេញនូវករណីថ្មីមួយនៅទ្វីបអ៊ឺរ៉ុប អាចជំរុញឱ្យមានការរីករាលដាលជាអន្តរជាតិយ៉ាងឆាប់រហ័សនៃជំងឺអុតស្វា។ ករណីទីមួយនៅស៊ុយអែតនេះទំនងជាមានន័យថាមានការឆ្លងរាប់សិបករណីទៀតដែលមិនទាន់អាចរកឃើញនៅអឺរ៉ុប»។

អង្គការ WHO កាលពីថ្ងៃពុធ បានប្រកាសការផ្ទុះឡើងនៅទ្វីបអាហ្រ្វិកជាភាពអាសន្នផ្នែកសុខភាពសាធារណៈដែលជាការព្រួយបារម្ភជាអន្តរជាតិ ឬកម្រិត PHEIC ដែលជាប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO បន្ទាប់ពីករណីឆ្លងនៅប្រទេសកុងហ្គោ បានរីករាលដាលដល់ប្រទេសជិតខាង។ មានអ្នកឆ្លងជំងឺនេះចំនួន ២៧.០០០ករណី និងមានអ្នកស្លាប់ច្រើនជាង ១.១០០នាក់ ភាគច្រើនក្នុងចំណោមកុមារ នៅកុងហ្គោ ចាប់តាំងពីការផ្ទុះឡើងនាពេលបច្ចុប្បន្នបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ មក៕