កោះតៃវ៉ាន់ រងការរញ្ជួយដីដ៏ធំមួយទៀត ខណៈពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតនៅឡើយទេ

ដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ បាននិយាយថា ការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារក្នុងចម្ងាយ ៣៤គីឡូម៉ែត្រពីទីក្រុង ហ័រលៀន (Hualien) ភាគខាងកើតរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រ (១៦ សីហា) នេះដោយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតឡើយ ខណៈនេះជាការរញ្ជួយដីខ្លាំងលើកទីពីរដែលបានវាយប្រហារកោះក្នុងរយៈពេលតិចជាងមួយថ្ងៃ។

ការរញ្ជួយដីក៏បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិផងដែរ ខណៈអាជ្ញាធរបាននិយាយថា សេវារថភ្លើងក្រោមដីនៅក្នុងទីក្រុងបានបន្តក្នុងល្បឿនយឺតៗ។ រដ្ឋបាលអាកាសធាតុបាននិយាយថា ការរញ្ជួយដីមានជម្រៅ ៩,៧គីឡូម៉ែត្រ ហើយបានកើតឡើងបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់កោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ក្រុមមន្ត្រីឧតុនិយមបានព្រមានពីហានិភ័យនៃបំណាក់ដីនៅតំបន់ភ្នំ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃ។ កោះតៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វនៃរង្វង់រង្វិលរញ្ជួយដី (បន្ទះតិចតូនិក) ចំនួនពីរ ហើយងាយនឹងមានគ្រោះរញ្ជួយដី។ កាលពីខែមេសា ទីក្រុង Hualien ត្រូវបានវាយប្រហារដោយរញ្ជួយដីដ៏ធំបំផុតដែលប៉ះដល់កោះតៃវ៉ាន់ក្នុងរយៈពេលយ៉ាងហោចណាស់ ២៥ឆ្នាំ ដោយបានធ្វើឱ្យមនុស្ស ៩ស្លាប់ និងជាង ៩០០នាក់របួស៕