ជប៉ុន បញ្ចប់ការប្រកាសអាសន្នរញ្ជួយដី ដោយប្រាប់ប្រជាជនឱ្យត្រឡប់ទៅប្រើជីវិតដូចធម្មតាវិញ

ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) បានដកការព្រមាន ដែលថាអាចនឹងមាន «ការរញ្ជួយដីទ្រង់ទ្រាយធំ» បង្កការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការបាត់បង់អាយុជីវិត ដោយរដ្ឋាភិបាលប្រាប់ប្រជាជនឱ្យ «វិលទៅរកភាពធម្មតាវិញ»។

ការដាស់តឿនរយៈពេលមួយសប្តាហ៍ ដែលថាមហន្តរាយបែបនេះអាចវាយប្រហារលើប្រជុំកោះដែលមានមនុស្សចំនួន ១២៥លាននាក់ បានជំរុញឱ្យមនុស្សរាប់ពាន់នាក់លុបចោលដំណើរកម្សាន្តរបស់ពួកគេ និងសម្រុកស្តុកទុកទំនិញសំខាន់ៗសម្រាប់ទុកប្រើប្រាស់។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក យូស៊ីហ្វ៊ូមិ ម៉ាត់ស៊ូមូរ៉ា (Yoshifumi Matsumura) បាននិយាយថា «ប្រជាជនជប៉ុន អាចវិលត្រលប់ទៅប្រើជីវិតរស់នៅតាមធម្មតាវិញ» ខណៈលោកបានប្រកាសដកការព្រមានកាលពីម៉ោង ៥ល្ងាច (ម៉ោងក្នុងស្រុក) ថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណាក៏ដោយ លោកបន្ថែមថា ប្រជាពលរដ្ឋមិនគួរភ្លេចវិធានការការពារដូចជា ទុកដាក់គ្រឿងសង្ហារឹមឱ្យមានសុវត្ថិភាព ត្រូវប្រាកដថាសមាជិកគ្រួសារដឹងពីទីតាំងជំរកជម្លៀស និងការស្តុកទុកស្បៀងអាហារសង្គ្រោះបន្ទាន់។

ក្រុមអ្នកជំនាញរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) កាលពីថ្ងៃទី០៨ ខែសីហា បានចេញសេចក្តីណែនាំថា មាន «ឱកាសខ្ពស់ខ្លាំង» នៃការរញ្ជួយដីនៅតំបន់ ណានកៃ តូរ៉ាហ្វុ (Nankai Trough) ដែលអាចមានកម្លាំងដល់ទៅ ៩រ៉ិចទ័រ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារភាគនិរតីរបស់ជប៉ុន។ នោះគឺជាប្រភេទនៃការរញ្ជួយជាក់លាក់មួយ ដែលគេស្គាល់ថាជារញ្ជួយដីទ្រង់ទ្រាយធំ ដែលបានកើតឡើងជាគូកាលពីអតីតកាល និងអាចបញ្ចេញរលកយក្សស៊ូណាមិដ៏ធំ៕