អាហ្វហ្គានីស្ថានប្រារព្ធខួបលើកទី៣ឆ្នាំ នៃការដកទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិក

អាហ្វហ្គានីស្ថាន បានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីប្រារព្ធខួបលើកទីបីនៃការដកកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកចេញពីប្រទេសដែលហែកហួរដោយសង្រ្គាម។

នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ កងកម្លាំងតាលីបង់បានចូលដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល ដោយជំរុញឱ្យមានការដកទ័ពអាមេរិក ដែលឈរជើងនៅអាហ្វហ្គានីស្ថានយ៉ាងប្រញាប់ប្រញាល់។

នៅក្នុងរដ្ឋធានីកាប៊ុល មនុស្សជាច្រើនបានចេញទៅតាមដងផ្លូវដើម្បីអបអរសាទរការវិលត្រឡប់នៃសន្តិភាពដល់អាហ្វហ្គានីស្ថាន ខណៈដែលក្រុមតាលីបង់ធ្វើព្យុហយាត្រាដ៏ធំរម្លឹកជ័យជម្នះ។

និស្សិតសាកលវិទ្យាល័យកាប៊ុល បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការមិនគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសដទៃទៀត។ គ្មានអ្វីគួរឱ្យសង្ស័យទេដែលមុខមាត់អាក្រក់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានស្រែកអំពីសិទ្ធិមនុស្សកាលពីអតីតកាល ឥឡូវនេះត្រូវបានលាតត្រដាងយ៉ាងពេញលេញ។ តើមានអ្វីកើតឡើងនៅហ្កាហ្សា។ នេះជាឧទាហរណ៍មួយដែលបានលាតត្រដាងពីមុខមាត់អាក្រក់របស់អ្នកដែលហៅខ្លួនឯងថាជាអ្នកការពារសិទ្ធិកុមារ និងសិទ្ធិស្ត្រី។

ដោយកត់សម្គាល់ថាវត្តមានរបស់យោធាអាមេរិករយៈពេល ២០ ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្វើឱ្យប្រទេសនេះជួបតែការបំផ្លិចបំផ្លាញ និស្សិតរូបនោះបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបានបន្តរំលោភបំពានលើប្រទេសអាហ្វហ្គានីស្ថានដោយលើកឡើងពីការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលអាហ្វហ្គានីស្ថានដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកដែលជាឧបសគ្គចម្បងចំពោះមុខក្រោយចប់សង្រ្គាមដើម្បីកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ៕