[UPDATE] ព្រះមហាក្សត្រថៃ រាជានុម័តតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រ

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុម័តតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីនៅថ្ងៃអាទិត្យ ១៨ សីហានេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី ដោយត្រួសត្រាយផ្លូវសម្រាប់លោកស្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

ការរាជាអនុម័តរបស់ព្រះមហាក្សត្រ ដែលជាទម្រង់បែបបទមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក Apat Sukhanan ក្នុងពិធីមួយនៅទីក្រុងបាងកក។

ដោយស្លៀកពាក់ឯកសណ្ឋានផ្លូវការ និងអមដំណើរដោយឪរបស់លោកស្រីគឺលោក Thaksin លោកស្រី Paetongtarn បានលុតជង្គង់គោរព្រះឆាយាល័ក្ខណ៍ របស់ព្រះបាទ Vajiralongkorn មុនពេលថ្លែងសុន្ទរកថាខ្លីមួយដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រី។

លោកស្រីបានថ្លែងថា ក្នុងនាមជាមេដឹកនាំ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំរួមជាមួយសមាជិកសភាដោយស្មោះអស់ពីបេះដូង។

លោកស្រីបានបន្ថែមថា ខ្ញុំនឹងស្តាប់រាល់មតិទាំងអស់ ដើម្បីយើងអាចដឹកនាំប្រទេសទៅមុខប្រកបដោយស្ថិរភាព៕