អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រថៃ

មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីចុងសប្តាហ៍មុនថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃ ដោយកាត់បន្ថយការដោះលែងទោសលោកត្រឹមរយៈពេលពីរសប្តាហ៍។

លោក ថាក់ស៊ីន ស្ថិត​ក្នុង​ចំណោម​ទណ្ឌិត​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រថៃ​ក្នុង​ឱកាស​ពិធីចម្រើនព្រះជន្ម​ព្រះមហាក្សត្រកាលពី​ក្នុង​ខែ​កក្កដា។

ព័ត៌មាននេះត្រូវបានចេញផ្សាយត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ពែថុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃដោយសភាតំណាងរាស្រ្ត។

បន្ទាប់ពីការវិលត្រលប់មកវិញកាលពីក្នុងខែសីហា ឆ្នាំ២០២៣ ពីការនិរទេសខ្លួន ដើម្បីគេចពីការដាក់ពន្ធនាគារបន្ទាប់ពីការផ្តួលរំលំនៅក្នុងការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ លោក ថាក់ស៊ីន បានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែនៅក្នុងមន្ទីរពេទ្យ ដោយសារតែហេតុផលសុខភាព មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ក្នុងអំឡុងពេលកាន់តំណែងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ទោស​របស់លោក​ត្រូវ​បាន​ព្រះមហាក្សត្របន្ធូរបន្ថយមកនៅត្រឹម​រយៈពេល​មួយ​ឆ្នាំ កាលពី​ខែ​កញ្ញា ឆ្នាំ២០២៣៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)