ចិនប្តេជ្ញាទប់ស្កាត់រាល់ការបំពានណាមួយ ក្រោយការប៉ះទង្គិចជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

កងឆ្មាំល្បាតឆ្នេរចិន (CCG) កាលពីថ្ងៃចន្ទបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់រាល់សកម្មភាពរំលោភបំពាន និងការញុះញង់ ព្រមទាំងការពារអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន បន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយរបស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង។

នាវាកងឆ្មាំល្បាតឆ្នេរហ្វីលីពីន 4410 បានបង្កការប៉ះទង្គិចជាមួយនាវាចិន កាលពីព្រឹកថ្ងៃចន្ទ សប្ដាហ៍នេះ នៅក្នុងដែនទឹកមានជម្លោះជិតតំបន់ ស៊ៀនប៉ិន ជីវ (Xianbin Jiao) ។ ក្រោយមក បានចូលទៅក្នុងតំបន់មានជម្លោះ រិនអាយជីវ (Ren’ai Jiao) ។ អ្នកនាំពាក្យកងឆ្មាំល្បាតឆ្នេរចិន លោក កាន យូ (Gan Yu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ទង្វើនេះគឺពិតជាធ្ងន់ធ្ងរណាស់។

លោក បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន 4411 មួយគ្រឿងទៀតក៏បានចូលទៅក្នុងដែនទឹកក្បែរតំបន់ ស៊ៀនប៉ិន ជីវ (Xianbin Jiao) ផ្គើននឹងការបម្រាម និងការព្រមានរបស់ចិន ដោយបន្ថែមថា កងឆ្មាំល្បាតឆ្នេរចិន បានត្រួតពិនិត្យ និងគ្រប់គ្រងនាវាហ្វីលីពីន ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយប្រតិបត្តិការរបស់ខ្លួន មានលក្ខណៈវិជ្ជាជីវៈ ត្រឹមត្រូវ និងស្របច្បាប់។

លោក កាន បាននិយាយថា ទង្វើរបស់ភាគីហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ចិន បំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ កងឆ្មាំល្បាតឆ្នេររបស់ប្រទេសចិននឹងបន្តអនុវត្តការការពារសិទ្ធិ និងសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹក ស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិនស្របតាមច្បាប់៕