លោក ផាយ ឡេង ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ជាផ្លូវការ

ពោធិ៍សាត់ ៖ លោក ផាយ ឡេង អភិបាលស្រុកបាកាន ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលក្រុងពោធិ៍សាត់ ដោយប្រកាសចូលកាន់តួនាទីជាផ្លូវការនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការជាច្រើននាក់ ។

យោងតាម អនុក្រឹត្យ លេខ៨០៨ អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ លោក ផាយ ឡេង ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកបាកាន ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ជំនួសលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ចាស់ ដែលបានចូលនិវត្តន៍ និងទទួលភារកិច្ចជាសមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ។

លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ដែលទើបប្រកាសតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត ក្រសួងមហាផ្ទៃ ក៍ដូចរាជរដ្ឋាភិបាល ដែលមានជំនឿទុកចិត្តលើ ផ្ដល់តំណែងឲ្យរូបលោកធ្វើជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់នាពេលនេះ។ លោកបានប្ដេជ្ញាចិត្តមានភក្ដីភាពចំពោះប្រទេសជាតិ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍គោរពច្បាប់រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ គាំទ្រនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ខិតខំជម្រុញគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, រៀបចំកែលំអរសោភ័ណភាពក្រុង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត, ពង្រឹងការអនុវត្តតួនាទីភារកិច្ច, គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវកិច្ចចង្អុលការរបស់គណៈអភិបាលខេត្ត, សាមគ្គីផ្ទៃក្នុងឲ្យបានល្អនិងទប់ស្កាត់នូវរាល់បាតុភាពអសកម្មនានា។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា អភិបាលក្រុងពោធិ៍សាត់ថ្មី ត្រូវបន្តកិច្ចការដឹកនាំ អភិវឌ្ឍន៍ក្រុងពោធិ៍សាត់ឱ្យកាន់តែរីកចម្រើន ពីអភិបាលក្រុងចាស់ ដោយភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល និងប្រទេសជាតិ ហើយរាជរដ្ឋាភិបាលផ្តល់តួនាទីជូនដើម្បីជួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគឺជាម្ចាស់ ហើយត្រូវចេះអប់រំផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋឱ្យយលពីគោលការណ៍ច្បាប់ផ្សេងៗ ត្រូវពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសផ្សេងៗ មានដូចជាល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀនជាដើម ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់និងណែនាំឱ្យអភិបាលក្រុងពោធិ៍សាត់ថ្មី ត្រូវបន្តដោះស្រាយជុំវិញការងាររៀបចំសណ្នាប់ធ្នាប់តាមដងស្ទឹងពោធិ៍សាត់ដើម្បីកែប្រែច្រាំងស្ទឹងពោធិ៍សាត់ឱ្យទៅជាសួនច្បារ និងផ្សាររាត្រីក្នុងពេលអនាគត់ ដោយត្រូវប្រើនយោបាយឈ្នះៗ និងភាពទន់ភ្លន់ ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋដែលមានសំណង់រស់នៅបណ្តោះអាសន្ននៅតាមច្រាំងស្ទឹង ៕

អត្ថបទ ៖ ភិរុណ ពៅ


Comments

Leave a Reply

Your email address will not be published. Required fields are marked *