នាយករដ្ឋមន្រ្តីឥណ្ឌា ជំរុញឱ្យមានកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមអ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សានៅប៉ូឡូញ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា) ដោយបានសន្យាគាំទ្រពីឥណ្ឌា និងនិយាយថា ពុំមានជម្លោះណាមួយអាចដោះស្រាយបាននៅលើសមរភូមិនោះទេ។

លោក Modi បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស (Donald Tusk) ថា៖ យើងគាំទ្រឱ្យមានកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់ការស្ដារឡើងវិញនូវសន្តិភាព និងស្ថិរភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Tusk បាននិយាយថា ឥណ្ឌាអាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌា គឺរុស្ស៊ី នៅម្ខាងទៀតនៃព្រំដែនភាគខាងកើតប៉ូឡូញ។

ដោយស្ថិតនៅលើស្លាបខាងកើតនៃអង្គការណាតូ និងសហភាពអឺរ៉ុប ប៉ូឡូញមានការព្រួយបារម្ភខ្ពស់ពីសង្គ្រាមដែលមានរយៈពេលពីរឆ្នាំឆ្លងកាត់ព្រំដែនភាគខាងកើតរបស់ខ្លួន ហើយបានផ្តល់ការគាំទ្រផ្នែកនយោបាយ មនុស្សធម៌ និងការការពារដល់អ៊ុយក្រែន។

លោក Modi និងលោក Tusk បានជួបពិភាក្សាគ្នាពីសន្តិសុខ សង្គ្រាម និងការពង្រឹងទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរនិយាយថា ដំណើរទស្សនកិច្ច ដែលជាខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីជាផ្លូវការនេះ បានបើកទ្វារដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា សន្តិសុខ និងឧស្សាហកម្មការពារជាតិ។ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាដើម្បីសម្រួលដល់ការចល័តកម្មករជំនាញរវាងប្រទេសទាំងពីរ។

នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Modi ធ្វើដំណើរទៅទីក្រុងគីវ ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskyy)។ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះ បានជៀសវាងការថ្កោលទោសរុស្ស៊ី ខណៈសង្កត់ធ្ងន់លើដំណោះស្រាយសន្តិភាពចំពោះសង្គ្រាមនៅអ៊ុយក្រែន៕