សម្ដេចតេជោ ហ៊ុន សែន៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន

សម្ដេចតេជោ ហ៊ុន សែន៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅយប់ថ្ងៃទី២៦ ខែសីហានេះ បានសរសេរនៅលើបណ្ដាញសង្គមថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន។
សម្ដេចតេជោមានប្រសាសន៍ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។
តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើងពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។
សម្ដេចតេជោបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។
សម្ដេចតេជោបានអំពាវនាវដល់ជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕