កោះតៃវ៉ាន់ ធ្វើសមយុទ្ធមីស៊ីលប្រឆាំងជលថលិកយានដើម្បីរារាំងការវាយក្រសោបរបស់ចិន

កោះតៃវ៉ាន់ បានធ្វើសមយុទ្ធកាលពីថ្ងៃចន្ទ (២៦ សីហា) ជាមួយនឹងមីស៊ីលបាញ់ចេញពីដីប្រឆាំងជលថលិកយាន (យានបើកបានទាំងលើដី និងក្នុងទឹក) ជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីរក្សាការចល័ត និងពង្រឹងសមត្ថភាពរារាំងការប្រើកម្លាំងក្រសោបពីប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន។

កងទ័ពបានបាញ់មីស៊ីលមានបំពាក់ឩបករណ៍តាមដានអុបទិក និងប្រព័ទ្ធទូរបញ្ជាដោយប្រើខ្សែ ដែលគេស្គាល់ថាជាមីស៊ីល ធីអូដាប់ប៊ែលយូ ២អេ (TOW 2A) បំពាក់លើយាន អ៊ឹម១១៦៧ ហាំវី (M1167 Humvee) នៅឯគោលដៅអណ្តែតទឹកពីឆ្នេរមួយក្នុងតំបន់ ភីងទុង (Pingtung) ក្នុងអំឡុងពេលសមយុទ្ធរយៈពេលពីរថ្ងៃនោះ។ តំបន់នេះស្ថិតនៅចុងខាងត្បូងរបស់កោះតៃវ៉ាន់ បែរមុខទៅច្រកសមុទ្រតៃវ៉ាន់ និងចិន និងឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិក។

មីស៊ីលទាំងនេះស្ថិតក្នុងចំណោមអាវុធប្រឆាំងរថក្រោះដែលមានប្រសិទ្ធភាព និងពេញនិយមបំផុតនៅក្នុងពិភពលោក ហើយជាធាតុផ្សំដ៏សំខាន់នៅក្នុងអ្វីដែលអ្នកជំនាញមួយចំនួននិយាយថា គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតរបស់កោះតៃវ៉ាន់ក្នុងការទប់ទល់នឹងការវាយក្រសោបរបស់ចិន។ ប្រទេសចិន បានបង្កើនការគំរាមកំហែងផ្នែកយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយប្រើយន្តហោះចម្បាំង នាវា និងមីស៊ីល។

ក្រុមតស៊ូមតិសព្វាវុធអះអាងថា ប្រព័ន្ធមីស៊ីលចល័តកាន់តែច្រើនដែលតៃវ៉ាន់បានប្រើទាំងនេះគឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតក្នុងការប្រយុទ្ធតទល់នឹងកងកម្លាំងដ៏សម្បើមរបស់ចិន។ ចិន មានយោធាឈរជើងដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែភាគច្រើននៃកោះតៃវ៉ាន់ មានតំបន់ភ្នំចោត ល្បប់ដីភក់ និងតំបន់ទីក្រុងដែលសាងសង់ឡើងជាច្រើន មិនស័ក្តិសមនឹងកងកម្លាំងធម្មតាបែបនេះរបស់ចិនទេ៕