អាមេរិក៖ ហានិភ័យនៃសង្គ្រាមរីកធំបានធូរស្រាលបន្តិច បន្ទាប់ពីការបាញ់តបតរវាងអ៊ីស្រាអែល-ហេសបូឡា

ឧត្តមសេនីយជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (២៦ សីហា) ថាកំណើនហានិភ័យនៃសង្រ្គាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ាបានធូរស្បើយបន្តិច បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ បានបាញ់ប្រហារតបតគ្នារយៈពេលខ្លីដោយគ្មានការកើនឡើងបន្ថែមទៀត ប៉ុន្តែអ៊ីរ៉ង់នៅតែបង្កជាគ្រោះថ្នាក់ដ៏ធំ ខណៈខ្លួនកំពុងថ្លឹងថ្លែងការវាយប្រហារលើអ៊ីស្រាអែល។

ឧត្តមសេនីយទ័ពអាកាស លោក ស៊ីឃ្យូ ប្រោន (C.Q. Brown) ប្រធានអគ្គសេនាធិការចម្រុះ បានលើកឡើងបែបនេះប្រាប់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់មជ្ឈិមបូព៌ា ដែលមើលឃើញលោកធ្វើដំណើរទៅកាន់អ៊ីស្រាអែល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមហេសបូឡា បាញ់យានដ្រូន និងរ៉ូកែតរាប់រយលើអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែល បានវាយប្រហារលើគោលដៅនៅលីបង់ ដើម្បីរារាំងការវាយប្រហារដ៏ធំ។

នេះគឺជាការប៉ះទង្គិចដ៏ធំបំផុតមួយក្នុងពេលជាង ១០ខែនៃសង្គ្រាមព្រំដែន ប៉ុន្តែក៏បានធូរស្បើយទៅវិញដោយការខូចខាតមានកម្រិតនៅក្នុងអ៊ីស្រាអែល និងដោយគ្មានការគំរាមកំហែងភ្លាមៗនៃការសងសឹកពីភាគីណាមួយឡើយ។ លោក Brown បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ហេសបូឡា គ្រាន់តែជាមួយក្នុងចំណោមការគំរាមវាយប្រហារធំៗចំនួនពីរប្រឆាំងនឹងអ៊ីស្រាអែល ដែលបានលេចឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ៊ីរ៉ង់ ក៏កំពុងគំរាមវាយប្រហារជុំវិញការសម្លាប់មេដឹកនាំក្រុមហាម៉ាស នៅក្រុងតេអេរ៉ង់កាលពីខែមុន។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិងកំពុងស្វះស្វែងទប់ស្កាត់មិនឱ្យសង្គ្រាមរាលដាលពីតំបន់ហ្កាហ្សា រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ជម្លោះនេះបានបំផ្លិចបំផ្លាញហ្កាហ្សា ដែលបង្កឱ្យមានការប៉ះទង្គិចនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ ហើយក៏បានអូសទាញក្រុមហ៊ូទី របស់យេម៉ែន ផងដែរ៕