ឯកឧត្តម ឌិត ទីណា ទទួលជួបអង្គការ UPOV ដើម្បីពិភាក្សាការងារការអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី យូឡានដា ហឺតា កាសាដូ (Yolanda Huerta Casado) អគ្គលេខាធិការរង នៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យពូជនៃដំណាំ។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះតាមរយៈការពន្យល់របស់ លោកស្រី កាសាដូ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងពិនិត្យឱកាសក្នុងការចូលរួមជាសមាជិក នៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី ដែលមានសិទ្ធិក្នុងការចុះបញ្ជីការពារនូវប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបានបន្តបង្កើតពូជថ្មីៗជាច្រើនផងដែរដែលមានគុណភាពល្អ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលជាសមាជិកនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី ផ្ដល់ផលប្រយោជន៍ជាច្រើន ជាពិសេសក្នុងការបង្កើនភាពជឿជាក់សម្រាប់អ្នកវិនិយោគ ការស្រាវជ្រាវប្រភេទពូជ និងបច្ចេកទេសពូជ ព្រមទាំងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវប្រភេទពូជដំណាំនៅទូទាំងពិភពលោក អាចផ្លាស់ប្តូរបទពិសោធ រវាងគ្នាទៅវិញទៅមក។

សូមជម្រាបជូនថា សហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគោលបំណងគាំទ្រ និងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំសម្រាប់បម្រើផលប្រយោជន៍សង្គម៕