មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក នៅអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បាន​អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox), កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គោលបំណងនៃការចុះត្រួតពិនិត្យ៖

– ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នកដំណើរទាំងអស់។

– ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញ-ចូលទាំងអស់។

– ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ក របស់ក្រសួងសុខាភិបាល នឹងចាត់​ចែង​អនុវត្ត​តាម​គោលការណ៍​ណែនាំក្នុងការទប់ស្កាត់ នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។

– ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូ​សំខាន់​ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox)។

នាឱកាសចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) មានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម​តំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា តំណាងក្រុមហ៊ុនបារាំង និងសហការី តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) ព្រម​ទាំង​ក្រុម​ការងារចត្តាទ្បីស័ក ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធទាំងអស់៕ អត្ថបទ រដ្ឋា