ក្នុងខែសីហាខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបង្ក្រាបបទល្មើសជលផលចំនួន២០ករណី

កំពង់ឆ្នាំង ៖ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យយដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលនាខែប្រចាំខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង បង្ក្រាបបានចំនួន២០ករណី ខណៈជនសង្ស័យមួយចំនួនតូច នៅតែបន្តលបលួចដាក់របាំងស្បៃមុង នៅក្នុងរដូវបិទនេសាទនេះ។

​លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្តថា ក្នុងរដូវបិទនេសាទ ជាពិសេសក្នុងខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកក្រុង ដោយបានបង្ក្រាបបំផ្លាញចោលវត្ថុតាងបទល្មើស មានចំនួន ២០ករណី របាំងស្បៃមុងចំនួន៣៣កន្លែង ស្មើនឹង១០៩០ម, របាំងផ្ជិតព្រែកចំនួន០៨កន្លែង ស្មើនឹង ៧០ម ,របាំងសាច់អួនចំនួន៣១កន្លែងស្មើនឹង ៣២៨០ម, លបលូសាច់អួនចំនួន៧៥ គ្រឿង, លបចំនួន ១៦គ្រឿង, លបលូស្បៃមុងចំនួន ៤០គ្រឿង និងបង្គោលចំនួន ២២២០ដើម។ ក្នុងខែសីហានេះ បានចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទវិញ ចំនួន ៥២៧គ.ក្រ ។ ពិន័យអន្តរការណ៍ មានចំនួន ០៣ករណី ក្នុងនោះមាន ការនេសាទឧបករណ៍ឈ្នាងកាវលៀសដោយម៉ាស៊ីនគ្មានការអនុញ្ញាត ចំនួន០១ករណី, ដឹកជញ្ជូនផលិតផលជលផល(លៀស)ដោយគ្មានលិខិតអនុញ្ញាតចំនួន០១ករណី, កាយដីក្នុងដែននេសាទដោយគ្មានការអនុញ្ញាត ចំនួន០១ករណី។ ក្នុងនោះមាន១ករណី(ឆក់) បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ។

សូមជម្រាបថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នឹងផ្សព្វផ្សាយស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ឧបករណ៍ស្បៃមុងរបស់សាលាខេត្តកំពង់ឆ្នាំង។ ផ្សព្វផ្សាយច្បាប់ស្តីពីជលផលតាមមូលដ្ឋានជាប់ដែននេសាទ។ ផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់ ការកាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹកក្នុងគោលបំណងពង្រីកផ្ទៃដីកសិកម្ម របស់សាលាខេត្ត។ ផ្សព្វផ្សាយ ស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីរបស់សាលាខេត្តកំពង់ឆ្នាំង។ ចូលរួមប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយមហាជននៅក្នុងវេទិកាសាធារណៈ ។ ចុះរៀបចំ និងពង្រឹងសហគមន៍នេសាទក្នុងកិច្ចការពារតំបន់អភិរក្សជលផល ។ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តជាប្រចាំ ៕ ដោយ ៖ កាំង ហុងវាស្នា