រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

ក្រុមមន្ត្រីបាននិយាយថា មនុស្សជិត ៥០នាក់ រួមទាំងកុមារ បានរងរបួសកាលពីថ្ងៃអាទិត្យ (០១ កញ្ញា) បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារចំផ្សារទំនើបមួយ និងកន្លែងព្រឹត្តិការណ៍នានាក្នុងទីក្រុង ខាគីវ (Kharkiv) ភាគឦសានរបស់អ៊ុយក្រែន។

នៅព្រឹកថ្ងៃដដែលនោះ ទីក្រុងមូស្គូនិយាយថា ទីក្រុងគីវបានបើកការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតមួយប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមមក ដោយផ្តោតលើរោងចក្រថាមពល និងរោងចក្រចម្រាញ់ប្រេង ខណៈកងកម្លាំងរុស្ស៊ី បានវាយរុលបន្ថែមទៀតឆ្ពោះទៅកាន់ទីក្រុងសំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន។

ការវាយប្រហារនៅក្រុង Kharkiv បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បន្តការអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យអនុញ្ញាតឱ្យទីក្រុងគីវ អាចបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចចូលកាន់តែជ្រៅទៅក្នុងទឹកដីសត្រូវ និងកាត់បន្ថយការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយរុស្ស៊ី។

ការវាយប្រហារដ៏ខ្លាំងក្លានេះកើតឡើងនៅចំណុចសំខាន់មួយក្នុងជម្លោះរយៈពេលពីរឆ្នាំកន្លះនេះ។ រុស្ស៊ីកំពុងដាក់សម្ពាធលើការវាយលុកនៅភាគខាងកើតអ៊ុយក្រែន ខណៈព្យាយាមបណ្តេញកងកម្លាំងអ៊ុយក្រែនដែលបានទម្លុះព្រំដែនខាងលិចរបស់ខ្លួននៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី០៦ ខែសីហា។

ក្រុមមន្ត្រីរុស្ស៊ីនិយាយថា អង្គភាពការពារដែនអាកាសបានបំផ្លាញយានដ្រូនចំនួន ១៥៨គ្រឿងដែលបាញ់ដោយអ៊ុយក្រែនពេញមួយយប់។ នៅក្រុង Kharkiv ក្រុមសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត បានដឹកជនស៊ីវិលដែលរងរបួសទៅកាន់រថយន្តគិលានសង្គ្រោះនៅខាងក្រៅផ្សារទំនើប ដែលត្រូវបានខ្ទេចខ្ទីក្នុងការវាយប្រហាររបស់រុស្ស៊ីនោះ៕