ប្រធានាធិបតីបារាំង បន្តកិច្ចប្រឹងប្រែងស្វែងរកនាយករដ្ឋមន្ត្រីថ្មី ខណៈនយោបាយជាប់គាំង

ប្រភព និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងជួបជាមួយអតីតប្រធានាធិបតីបារាំង និងអ្នកនយោបាយជាន់ខ្ពស់ផ្សេងទៀតដែលត្រូវបានគេសន្មត់ថាជាបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់នៅថ្ងៃចន្ទ (០២ កញ្ញា) នេះ ខណៈមេដឹកនាំរដ្ឋាភិបាលថ្មីជិតនឹងត្រូវបានប្រកាស។

ប្រភពស្និទ្ធនឹងប្រធានាធិបតីបារាំងរូបនេះបាននិយាយថា លោក Macron នឹងជួបជាមួយអតីតប្រធានាធិបតីពីររូប គឺខាងសង្គមនិយម លោក ហ្រ្វង់ស្វ័រ ហូឡង់ (Francois Hollande) និងខាងស្តាំនិយម លោក នីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) ព្រមទាំងលោក ប៊ែកណា កាហ្សង់នាហ្វ (Bernard Cazeneuve) អតីតសមាជិកបក្សសង្គមនិយម និងអ្នកនយោបាយជើងចាស់ម្នាក់។

លោក ម៉ាក្រុង បានស្ថិតនៅក្រោមសម្ពាធដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយជាច្រើនសប្តាហ៍ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិមួយ ដែលធ្វើឱ្យសភាមានភាពស្រពិចស្រពិល។ លោក កាហ្សង់នាហ្វ ត្រូវបានអ្នកនយោបាយ និងអ្នកសង្កេតការណ៍លើកឡើងកាន់តែខ្លាំងថាជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពដែលទំនងបំផុតក្នុងការដឹកនាំរដ្ឋាភិបាលថ្មី ដោយសារលោកទទួលបានការគោរពពីបណ្ដាគណបក្សស្តាំនិយម ហើយក៏ជិតស្និទ្ធនឹងក្រុមឆ្វេងនិយមផងដែរ។

នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសបារាំងនឹងមានភារកិច្ចដ៏ធ្ងន់មួយក្នុងការព្យាយាមជំរុញកំណែទម្រង់និងថវិកាឆ្នាំ២០២៥ តាមរយៈសភាដ៏បែកបាក់ ខណៈប្រទេសបារាំងកំពុងស្ថិតនៅក្រោមសម្ពាធពីគណៈកម្មការអឺរ៉ុប និងទីផ្សារមូលបត្របំណុលដើម្បីកាត់បន្ថយឱនភាពរបស់ខ្លួន៕