អង្គការពិភពលោកជាច្រើនបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ (៣១ សីហា) ថា មូលនិធិកុមារអង្គការសហប្រជាជាតិ (យូនីសេហ្វ-UNICEF) បានចេញសំណើ ឬការណែនាំបន្ទាន់មួយដើម្បីធានាបាននូវវ៉ាក់សាំងជំងឺអុតស្វា ឬហៅថាអឹមផក (Mpox) សម្រាប់បណ្ដាប្រទេសដែលរងគ្រោះដោយវិបត្តិ ដោយសហការជាមួយសម្ព័ន្ធវ៉ាក់សាំង ហ្កាវី (Gavi), មជ្ឃមណ្ឌលទប់ស្កាត់ និងបង្ការជំងឺរបស់អាហ្វ្រិក (Africa CDC) និងអង្គការសុខភាពពិភពលោក WHO។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា អាស្រ័យលើសមត្ថភាពផលិតរបស់ក្រុមហ៊ុនផលិត កិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងប្រមាណ ១២លានដូសរហូតដល់ឆ្នាំ២០២៥ អាចត្រូវបានធ្វើឡើង។ សេចក្តីថ្លែងការណ៍បន្តថា ក្រោមសំណើនោះ អង្គការយូនីសេហ្វនឹងបង្កើតកិច្ចព្រមព្រៀងផ្គត់ផ្គង់តាមលក្ខខណ្ឌជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង។
នេះនឹងអនុញ្ញាតឱ្យអង្គការយូនីសេហ្វទិញ និងដឹកជញ្ជូនវ៉ាក់សាំងដោយគ្មានការពន្យាពេល នៅពេលដែលការផ្តល់ហិរញ្ញប្បទាន តម្រូវការ ការត្រៀមខ្លួន និងតម្រូវការបទប្បញ្ញត្តិត្រូវបានបញ្ជាក់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា WHO កំពុងពិនិត្យមើលព័ត៌មានដែលបានដាក់ជូនដោយក្រុមហ៊ុនផលិតនៅថ្ងៃទី២៣ ខែសីហា ហើយរំពឹងថានឹងបញ្ចប់ការពិនិត្យឡើងវិញសម្រាប់ការចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងបន្ទាន់នៅពាក់កណ្តាលខែកញ្ញា នេះ។
កាលពីដើមខែសីហា អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នជំងឺអុតស្វា (អឹមផក) ជាបញ្ហាសុខភាពសាធារណៈសកល បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាង៕
Leave a Reply