អាមេរិក រាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារវីរុស COVID-19 ជាង១.០០០នាក់ ក្នុងសប្ដាហ៍ទី៣ជាប់គ្នា

យោងតាមទិន្នន័យពីសារព័ត៌មាន BNO News រលកនៃការឆ្លងជំងឺ COVID-19 នៅរដូវក្ដៅក្នុងសហរដ្ឋអាមេរិក បានបន្តមកដល់សប្ដាហ៍នេះជិត១៧៨.០០០ករណី ដោយមានអ្នកស្លាប់ថ្មីជាង១.០០០នាក់ ក្នុងសប្ដាហ៍ទី៣ជាប់គ្នា ។

ករណីឆ្លងថ្មីយ៉ាងហោចណាស់ ១៧៧.៥៧៣នាក់ ត្រូវបានរាយការណ៍ចន្លោះថ្ងៃទី២៦សីហា និងថ្ងៃទី១កញ្ញា កើនឡើងពីចំនួន១៧៤.៤៥៥ករណីមួយសប្ដាហ៍មុន ស្មើនឹង២%បន្ថែមទៀត និងជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមករាមក។ ចំនួននេះត្រូវបានប្រមូលពីក្រសួងសុខាភិបាលតាមរដ្ឋនានា។

ចំនួនជាក់លាក់គឺខ្ពស់ជាងនេះ ព្រោះមន្ទីរពេទ្យ និងរដ្ឋជាច្រើន លែងរាយការណ៍ពីទិន្នន័យលម្អិតនៃវីរុស COVID។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ក៏កំពុងធ្លាក់ចុះដែរ ខណៈមនុស្ស និងវេជ្ជបណ្ឌិតភាគច្រើន កំពុងធ្វើតេស្តនៅតាមផ្ទះ ដែលពុំត្រូវបានរាប់បញ្ជូលក្នុងស្ថិតិផ្លូវការទេ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថា សកម្មភាពរបស់ជំងឺ COVID-19 កំពុងឆ្លងរាលដាលទូទាំងប្រទេស ខណៈករណីឆ្លងនៅតែកើនឡើងក្នុងតំបន់ជាច្រើន ហើយគ្មានសញ្ញាថយចុះទេនៅពេលថ្មីៗនេះ ៕