ចិន ជំរុញឱ្យសហភាពអឺរ៉ុប មិនលម្អៀង និងយុត្តិធម៌ លើបញ្ហាសមុទ្រចិនខាងត្បូង

ប្រទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប «កុំមានភាពលម្អៀង និងត្រូវតែយុត្តិធម៌» និងប្រុងប្រយ័ត្នជាមួយនឹងពាក្យសម្ដី និងសកម្មភាពរបស់ខ្លួនលើបញ្ហានៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការលើកឡើងរបស់ប្លុកអឺរ៉ុបនេះទាក់ទងនឹងឧប្បត្តិហេតុដែនសមុទ្រដែលបានកើតឡើងកាលពីចុងសប្តាហ៍ជាមួយហ្វីលីពីន។

សេចក្តីថ្លែងការណ៍របស់បេសកកម្មចិន ប្រចាំសហភាពអឺរ៉ុបបានបង្ហាញថា ប្រទេសចិនមិនពេញចិត្តជាខ្លាំងចំពោះ «ការចោទប្រកាន់» របស់សហភាពអឺរ៉ុបលើបញ្ហានេះ។ សហភាពអឺរ៉ុបមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយគ្មានសិទ្ធិជ្រៀតជ្រែកលើបញ្ហានេះឡើយ»។ សេចក្តីថ្លែងការណ៍នោះបន្ថែមថា ការលើកឡើងម្តងហើយម្តងទៀតរបស់សហភាពអឺរ៉ុបលើបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ «មិនមានផលល្អដល់សហភាពអឺរ៉ុប និងភាពជឿជាក់របស់អន្តរជាតិឡើយ»។

សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (០១ កញ្ញា) ថា ខ្លួនបានថ្កោលទោសចំពោះ «សកម្មភាពដ៏គ្រោះថ្នាក់របស់នាវាឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងប្រតិបត្តិការដែនសមុទ្រហ្វីលីពីនស្របច្បាប់» នៅក្នុងសមុទ្រ។

ប្រទេសចិន និងហ្វីលីពីន បានចោទគ្នាទៅមកថាមានចេតនាបង្កការប៉ះទង្គិចរបស់នាវាឆ្មាំល្បាតឆ្នេរក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ដែលជាភាពតានតឹងចុងក្រោយបំផុតនៅក្នុងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ការប៉ះទង្គិចគ្នានៅជិតដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) នេះគឺជាការប្រឈមមុខដែនសមុទ្រលើកទីប្រាំរបស់ពួកគេក្នុងរយៈពេលមួយខែក្នុងផ្លូវទឹកដ៏ប្រកួតប្រជែងជាយូរមកហើយនេះ៕