កូរ៉េខាងត្បូង បដិសេធថាបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមិនបានដួលរលំ ជុំវិញកូដកម្មគ្រូពេទ្យ

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទ (០២ កញ្ញា) ថាខ្លួនកំពុងដាក់ពង្រាយគ្រូពេទ្យយោធាដើម្បីជួយប្រតិបត្តិការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមួយចំនួន ដោយសារកង្វះបុគ្គលិកពេទ្យ ប៉ុន្តែបានបដិសេធការព្រមានរបស់គ្រូពេទ្យមួយចំនួនដែលថាប្រព័ន្ធនេះជិតដួលរលំ។

កូដកម្មរបស់គ្រូពេទ្យហាត់ការបានបង្កើនភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្រ ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ផាក មីនសូ (Park Min-soo) បាននិយាយថា ខណៈដែលមន្ទីរពេទ្យមួយចំនួនបានកាត់បន្ថយម៉ោងប្រតិបត្តិការបន្ទប់សង្គ្រោះបន្ទាន់ (ER) និងមានវេជ្ជបណ្ឌិតតិចជាងមុនក៏ដោយ របាយការណ៍ដែលថាមន្ទីរពេទ្យធំៗមួយចំនួនបានផ្អាកប្រតិបត្តិការសង្គ្រោះបន្ទាន់គឺមិនពិតនោះទេ។

កាលពីព្រឹកថ្ងៃចន្ទ សមាគមជាតិនៃសាស្ត្រាចារ្យសាលាវេជ្ជសាស្ត្របាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទប់សង្គ្រោះបន្ទាន់ជាច្រើនមិនបានផ្តល់សេវាតាមធម្មតាទេ ហើយការដួលរលំនៃប្រព័ន្ធថែទាំសុខភាពបានកំពុងតែចាប់ផ្តើមហើយ។

គ្រូពេទ្យកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យ។ រដ្ឋាភិបាលនិយាយថា មន្ទីរពេទ្យដែលពឹងផ្អែកលើគ្រូពេទ្យហាត់ការជាច្រើន ត្រូវបង្ខំចិត្តទុកអ្នកជំងឺសង្គ្រោះបន្ទាន់ចោល ដោយលើកឡើងពីកង្វះបុគ្គលិក ខណៈវេជ្ជបណ្ឌិតដែលមានស្រាប់បានជួបប្រទះនឹងបន្ទុកការងារកាន់តែធ្ងន់ធ្ងរ៕