លោក Trump៖ មហាវិទ្យាល័យអាមេរិក អាចបាត់បង់ការទទួលស្គាល់ជុំវិញការប្រឆាំងជនជាតិជ្វីហ្វ

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រាប់ម្ចាស់ជំនួយជនជាតិជ្វីហ្វ កាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ថា សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក នឹងបាត់បង់ការទទួលស្គាល់ និងការគាំទ្រពីសហព័ន្ធប្រសិនបើលោកទទួលបានតំណែងសេតវិមានម្ដងទៀត ជុំវិញអ្វីដែលលោកបានពណ៌នាថាជា «ការឃោសនាប្រឆាំងនឹងជនជាតិជ្វីហ្វ»។

លោក Trump បាននិយាយទៅកាន់ក្រុមម្ចាស់ជំនួយរបស់សម្ព័ន្ធជីហ្វនៃបក្សសាធារណរដ្ឋ (RJC) ច្រើនជាង ១.០០០នាក់នៅក្រុង ឡាសវ៉េហ្កាស (Las Vegas) ថា «មហាវិទ្យាល័យត្រូវតែបញ្ចប់ការឃោសនាប្រឆាំងនឹងជនជាតិជ្វីហ្វជាបន្ទាន់ បើមិនដូច្នោះទេពួកគេនឹងបាត់បង់ការទទួលស្គាល់ និងការគាំទ្រពីសហព័ន្ធ»។

ការតវ៉ាបានធ្វើឱ្យកក្រើកបរិវេណមហាវិទ្យាល័យកាលពីនិទាឃរដូវដោយក្រុមនិស្សិត ដែលប្រឆាំងនឹងការវាយលុករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងទាមទារឱ្យស្ថាប័នឈប់ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលគាំទ្រអ៊ីស្រាអែល។ អ្នកសាធារណរដ្ឋនិយាយថា ការតវ៉ាបង្ហាញថាអ្នកប្រជាធិបតេយ្យខ្លះក៏ជាពួកប្រឆាំងនឹងជនជាតិជ្វីហ្វដែរ ព្រោះពួកគេបានគាំទ្រភាពចលាចលនេះ។ ក្រុមអ្នកតវ៉ានិយាយថា អាជ្ញាធរមានភាពអយុត្តិធម៌ដោយបានចាត់ទុកការរិះគន់របស់ពួកគេលើគោលនយោបាយអ៊ីស្រាអែល ថាជាការប្រឆាំងនឹងជនជាតិជ្វីហ្វទៅវិញ។

នៅសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធមិនផ្តល់ការទទួលស្គាល់សាកលវិទ្យាល័យដោយផ្ទាល់ទេ ប៉ុន្តែមានតួនាទីក្នុងការត្រួតពិនិត្យអង្គការឯកជនភាគច្រើនដែលផ្តល់ការទទួលស្គាល់ដល់មហាវិទ្យាល័យ។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Trump ក៏បាននិយាយផងដែរថា លោកនឹងហាមឃាត់ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនពីតំបន់ «ពោរពេញដោយភេរវករ» ដូចជាតំបន់ហ្កាហ្សា និងចាប់ខ្លួន «ពួកចោរគាំទ្រក្រុមហាម៉ាស» ដែលចូលរួមក្នុងការបំផ្លិចបំផ្លាញ ដែលនេះជាការយោងជាក់ស្តែងទៅលើក្រុមបាតុករនិស្សិតមហាវិទ្យាល័យ៕