លោកស្រី ផែ ថងថាន ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ត្រកូលស៊ីណាវ៉ាត

លោកស្រីផែ ថងថាន ស៊ីណាវ៉ាត ដែលជាតំណរវង្សនយោបាយដ៏ល្បីល្បាញបំផុតរបស់ប្រទេសថៃ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា ដោយបានបិទភាពវឹកវររយៈពេលមួយខែ ដែលអ្នកកាន់តំណែងមុនរបស់លោកស្រី ត្រូវបានទម្លាក់ចេញពីតំណែង ហើយគណបក្សប្រឆាំងធំ ត្រូវបានរំលាយ។

លោកស្រី ផែ ថងថាន(Paetongtarn) ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត បានស្បថក្នុងពិធីបិទទ្វារក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ Maha Vajiralongkorn នៅម៉ោងប្រហែល ៦:១៥នាទីល្ងាចថ្ងៃសុក្រ ដោយបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ ជាផ្លូវការ។

ស្ត្រីវ័យ៣៨ឆ្នាំរូបនេះ គឺជាសមាជិកទីបីនៃតំណរវង្សនយោបាយត្រកូលស៊ីណាវ៉ាត ដែលដឹកនាំប្រទេសក្នុងរយៈពេល២៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីឪពុក និងម្តាយមីងរបស់លោកស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត(Yingluck Shinawatra)។

ព្រះមហាក្សត្រទ្រង់បានអបអរសាទរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ដោយមានព្រះបន្ទូលក្នុងព្រះរាជសង្កថាចាក់ផ្សាយតាមព័ត៌មានទូរទស្សន៍ថា «ទ្រង់មានជំនឿថាអ្នកនឹងបំពេញភារកិច្ចដោយភាពល្អប្រសើរបំផុត»។

លោកស្រី ផែ ថងថាន (Paetongtarn) ជំនួសលោកសេដ្ឋា ថាវីស៊ីន(Srettha Thavisin) ពីគណបក្សភឿថៃ បន្ទាប់ពីការបណ្តេញលោកចេញដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីពាក់កណ្តាលខែសីហា ដោយតុលាការធម្មនុញ្ញរបស់ប្រទេសថៃ សម្រាប់ការតែងតាំងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីរបស់លោក។

លោកស្រីនឹងដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅអាស៊ីអាគ្នេយ៍មួយនេះ ជាមួយនឹងកំណើន និងការវិនិយោគនៅទ្រឹង ខណៈអស្ថិរភាពនយោបាយនៅតែបន្ត។

យោងតាមការចេញផ្សាយជាសាធារណៈរបស់ប្រព័ន្ធផ្សព្វផ្សាយ Thai PBS បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីដែលមានសមាជិក៣៦រូប របស់លោកស្រី រួមមានស្ត្រី ៨រូប ជាកំណត់ត្រាមួយ។