របាយការណ៍ UN៖ យោធាមីយ៉ាន់ម៉ា បង្កើនការសម្លាប់ និងការចាប់ខ្លួនលើជនស៊ីវិល

របាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៧ កញ្ញា) ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបង្កើនការសម្លាប់ និងការចាប់ខ្លួនក្នុងគោលបំណងជាក់ស្តែងមួយដើម្បីបំបិទមាត់គូប្រជែង និងជ្រើសរើសទាហានបន្ថែមនៅក្នុងជម្លោះដែលកំពុងកើនឡើង ដោយមនុស្សរាប់ម៉ឺននាក់ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក។

យោធាបានឡើងកាន់អំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្កឱ្យមានការតវ៉ាតាមដងផ្លូវទូទាំងប្រទេសដែលខ្លួនបានបង្រ្កាបដោយហិង្សា។

របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលឃើ ធឺក (Volker Turk) ដែលផ្អែកលើផ្នែកមួយនៅលើបទសម្ភាសន៍ពីចម្ងាយជាមួយជនរងគ្រោះ និងសាក្សីរាប់រយនាក់ដោយសារក្រុមស៊ើបអង្កេតត្រូវបានបដិសេធមិនឱ្យចូលប្រទេស បានបង្ហាញថា ជនស៊ីវិល ៥.៣៥០នាក់ ត្រូវបានសម្លាប់ដោយយោធាចាប់តាំងពីរដ្ឋប្រហារ។

ក្នុងចំណោមនោះ ២.៤១៤នាក់ បានស្លាប់ក្នុងរយៈពេលដែលគ្របដណ្តប់ដោយរបាយការណ៍របស់អង្គការសហប្រជាជាតិនៅចន្លោះខែមេសា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ ដោយរាប់រយនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ ដែលស្មើនឹងកំណើន ៥០ភាគរយធៀបនឹងរយៈពេលរាយការណ៍ពីមុន។

របាយការណ៍នោះក៏បានបង្ហាញពីទំហំនៃការឃុំឃាំងនៅទូទាំងប្រទេស ដោយមនុស្សជិត ២៧.៤០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ រួមទាំងច្រើនជាង ៩.០០០នាក់ ក្នុងរយៈពេលរាយការណ៍ចុងក្រោយនេះ។ របាយការណ៍បាននិយាយថា មនុស្សជាច្រើនទៀតត្រូវបានគេគិតថាស្ថិតនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *