សកម្មជន និងអ្នកតវ៉ា ប្រមូលផ្តុំគ្នារកវិធានការប្រឆាំងចំហេះព្រៃ នៅប្រេស៊ីល

ក្រុមអ្នកតវ៉ា និងសកម្មជនបរិស្ថាន បាននាំគ្នាចេញធ្វើបាតុកម្មក្នុងទីក្រុង Rio de Janeiro និងទីក្រុង Brasilia កាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យមានចំណាត់ការទប់ទល់ចំហេះព្រៃ ដែលកំពុងបំផ្លាញប្រទេសប្រេស៊ីល។

ការតវ៉ាជាច្រើន បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាល បានប្រកាសថារដ្ឋាភិបាលនឹងលៃលកថវិកាបន្ថែមចំនួន ៩៣,៧លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិនេះ។

រដ្ឋាភិបាល បាននិយាយថា នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកទាំងឡាយណាដែលប្រព្រឹត្តការលួចដុតបំផ្លាញនៅក្នុងប្រទេស ដែលត្រូវបានបញ្ជាក់ថាជាមូលហេតុ នៃការកើនឡើងចំហេះព្រៃនៅឆ្នាំនេះ។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កំពុងរងការបំផ្លិចបំផ្លាញដោយចំហេះព្រៃ ពីព្រៃទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ឆ្លងកាត់ចូលតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោកទៅកាន់ព្រៃស្ងួតក្នុងប្រទេសបូលីវី ។

ទិន្នន័យតាមផ្កាយរណបដែលវិភាគដោយទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីល បានចុះបញ្ជីទីតាំងចំហេះព្រៃចំនួន ៣៤៦.១១២កន្លែង រហូតមកដល់ពេលនេះឆ្នាំ នៅក្នុងប្រទេសចំនួន១៣ នៃទ្វីបអាមេរិកខាងត្បូង។

ចំនួនចំហេះព្រៃខ្លាំងបំផុតនៅខែនេះ គឺនៅក្នុងប្រទេសប្រេស៊ីល និងប្រទេសបូលីវី បន្ទាប់មកគឺប្រទេសប៉េរូ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីល ។