ព្យុះសង្ឃរា ចន (John) វាយបោកលើម៉ិកស៊ិក ខណៈអាជ្ញាធរព្រមានឱ្យអ្នកស្រុកប្រុងប្រយ័ត្ន

ព្យុះសង្ឃរា ចន (John) បានបោកបក់លើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក កាលពីល្ងាចថ្ងៃចន្ទ (២៣ កញ្ញា) ជាព្យុះប្រភេទទី៣ដ៏ធំ ដោយអាជ្ញាធរព្រមានអ្នកស្រុកឱ្យការពារខ្លួនពីការកើនឡើងនៃព្យុះ ដែលអាចសម្លាប់មនុស្សបាន និងទឹកជំនន់ដ៏គំហុកពីភ្លៀងធ្លាក់ខ្លាំង។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះដែលមានកម្លាំងខ្យល់អតិបរមា ១៩៣គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានបោកបក់ដល់ដីលើភាគនិរតីនៃទីក្រុង ម៉ាកេលីយ៉ា (Marquelia) ក្នុងរដ្ឋ ហ្គែរ៉េរ៉ូ (Guerrero) នៅម៉ោងប្រហែល ៩:១៥យប់ (ម៉ោងក្នុងស្រុក)។

ទោះបីជាផ្លាស់ទីយឺតៗក៏ដោយ ព្យុះនេះបានពង្រឹងកម្លាំងយ៉ាងឆាប់រហ័សនៅពេលថ្ងៃ ហើយប្រធានាធិបតីម៉ិកស៊ិក បានជំរុញអ្នករស់នៅតាមឆ្នេរសមុទ្រឱ្យស្វែងរកទីទួលខ្ពស់ ខណៈទីភ្នាក់ងារគ្រោះមហន្តរាយ បានដាក់ការប្រកាសអាសន្នពណ៌ក្រហមនៅក្នុងតំបន់ ហ្គែរ៉េរ៉ូ និងរដ្ឋ អ័រហ្សាកា (Oaxaca) ដែលនៅជិតខាង។

មជ្ឈមណ្ឌលព្យុះសង្ឃរា NHC បានព្រមានថា ព្យុះនេះអាចនាំមកនូវឥទ្ធិពលដែលគំរាមកំហែងដល់អាយុជីវិត និងទឹកជំនន់យ៉ាងគំហុកមុនពេលផ្លាស់ទីចេញពីតំបន់ឆ្នេរលើខាងត្បូងម៉ិកស៊ិក នៅថ្ងៃអង្គារ (២៤ កញ្ញា) នេះនិងបានចុះខ្សោយយ៉ាងឆាប់រហ័សនៅលើតំបន់ដីទួលខ្ពស់ក្នុងទីតាំងរងគ្រោះទាំងនោះ៕