មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

កំពង់ចាម៖ ដេីម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាស និងស្រុកព្រៃឈរ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃនឹងស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានមួយករណី ក្នុងនោះនៅក្នុងស្រុកកងមាសនិងស្រុកព្រៃឈរដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។

លោក លី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផល ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ ក្រុមការងារបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចទំនប់តំបន់បាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ឧបករណ៍ដែលបំផ្លាញចោលរួមមាន៖ឧបករណ៍លូស្បៃមុងសរុប២៥មាត់, របាំងស្បៃមុងប្រវែង ៧៦០ម៉ែត្រ, បង្គោលចម្រឹងចំនួន៣៩០ដើម, ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ១៧០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ។

ទន្ទឹមនឹងនេះដែរ លោក នាយខណ្ឌស្តីទីជលផលកំពង់ចាម ដែលដឹកនាំផ្ទាល់ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍និងបង្ក្រាប អ្វីដែលមន្ត្រីជំនាញស្នើសុំទៀតនោះ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីរក្សាពូជត្រីបានច្រើន៕