សកម្មជន តវ៉ាប្រឆាំងការគាំទ្ររបស់អាមេរិក ដល់អ៊ីស្រាអែល ខណៈក្ដីបារម្ភនៃសង្រ្គាមមជ្ឈិមបូព៌ាកាន់តែធំ

ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ប្រឆាំងនឹងការគាំទ្រផ្នែកយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល ខណៈហានិភ័យបានកើនឡើងកាន់តែខ្លាំងនៃជម្លោះពេញបន្ទុកនៅមជ្ឈិមបូព៌ា ជាមួយនឹងសកម្មជនប្រឆាំងសង្រ្គាមទាមទារឱ្យមានការហាមឃាត់អាវុធប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ។

ក្រុមបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ ហើរ៉ល (Herald) ក្នុងទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃអង្គារ ហើយបានកាន់បដាដែលសរសេរថា “ដកដៃចេញពីលីបង់ឥឡូវនេះ” និង “កុំយកសង្រ្គាមអាមេរិក-អ៊ីស្រាអែលដាក់លើលីបង់” នេះបើយោងតាមក្រុមចម្រុះ អាន់សឺ (ANSWER) ដែលតំណាងឱ្យ “ធ្វើសកម្មភាពឥឡូវនេះដើម្បី បញ្ឈប់សង្គ្រាម និងបញ្ចប់ការរើសអើងជាតិសាសន៍»។

បាតុកម្មទ្រង់ទ្រាយតូចមួយផ្សេងទៀតដែលមានពាក្យតវ៉ា និងបដាស្រដៀងគ្នានេះត្រូវបានគេឃើញផងដែរនៅជិតសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន នៅល្ងាចថ្ងៃអង្គារ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ក្រុមចម្រុះ ANSWER បាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់ និងការឡោមព័ទ្ធដែលកំពុងបន្ត និងការប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា គឺអាចធ្វើទៅបានដោយសារគ្រាប់បែក មីស៊ីល និងយន្តហោះចម្បាំងដ៏ច្រើនដែលផ្តល់ដោយរដ្ឋាភិបាលអាមេរិក”។

ក្រុមសកម្មជននេះនិយាយថា ការតវ៉ាក៏ត្រូវបានរៀបចំផងដែរកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងផ្សេងទៀតដូចជា សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco), ស៊ីអាថល (Seattle), សាន អង់តូនីញ៉ូ (San Antonio) និង ហ្វីនិច (Phoenix) ជាដើម។

អ៊ីស្រាអែលនិយាយថា សកម្មភាពរបស់ខ្លួនជាការការពារខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដូចជាក្រុមហាម៉ាស និងក្រុមហេសបូឡា ដែលខ្លួនចាត់ទុកជាអរិភាព។ សហរដ្ឋអាមេរិក បានបន្តការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាមនេះ បើទោះបីជាមានការរិះគន់ទាំងក្នុងប្រទេស និងអន្តរជាតិក៏ដោយ៕