លីបង់និយាយថា មានតែអាមេរិកទេ ដែលអាចបញ្ឈប់ការបាញ់ស្រោចរបស់អ៊ីស្រាអែល ខណៈអ្នកស្លាប់ជិត៥៧០នាក់

លីបង់បាននិយាយថា មានតែក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះដែលអាចជួយបញ្ចប់ការបាញ់ផ្លោងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាបាន ខណៈការវាយកលុករបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្លាប់មនុស្ស១៦៩នាក់ រួមទាំងកុមារ៥០ នាក់ និងមនុស្សចំនួន១.៨៣៥នាក់ រងរបួសក្នុងប្រទេសលីបង់។

រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានរិះគន់សុន្ទរកថារបស់លោក Biden ថា គ្មានភាពរឹងមាំ និងគ្មានការសន្យា ហើយបាននិយាយថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលពិតជាអាចធ្វើឱ្យមានការផ្លាស់ប្តូរស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏ដូចជាទាក់ទងនឹងប្រទេសលីបង់។ ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត។

ការវាយលុកថ្មីប្រឆាំងនឹងក្រុមហេសបូឡា បានធ្វើឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងថា ជម្លោះជិតមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាកំពុងរីកមាឌ និងអាចបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា។

ចក្រភពអង់គ្លេសបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ ហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនកងទ័ពចំនួន៧០០ នាក់ទៅកាន់ប្រទេសកោះហ្ស៊ីប ដើម្បីជួយពលរដ្ឋរបស់ខ្លួនក្នុងការជម្លៀសចេញ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងជួបប្រជុំគ្នានៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះនេះ៕