មេដឹកនាំអ៊ុយក្រែន ប្រាប់កិច្ចប្រជុំ UN ថា រុស្ស៊ីត្រូវតែបង្ខំឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (២៤ កញ្ញា) ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនអាចស្ងប់ស្ងាត់ដោយការពិភាក្សាតែម្ខាងនោះទេ ប៉ុន្តែថាទីក្រុងមូស្គូ ត្រូវតែបង្ខំឱ្យមកចូលរួមក្នុងកិច្ចចរចាសន្តិភាព។

លោក Zelenskiy បានស្វះស្វែងរកការគាំទ្រពីបណ្ដាមេដឹកនាំលោកខាងលិច សម្រាប់អ្វីដែលលោកហៅថា “ផែនការជ័យជម្នះ” ដើម្បីបញ្ចប់សង្រ្គាមដ៏អូសបន្លាយ ដែលកើតឡើងនៅពេលដែលរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅខែកុម្ភៈ ឆ្នាំ២០២២។

លោក Zelenskiy បាននិយាយថា សង្រ្គាមនឹងបញ្ចប់នៅថ្ងៃណាមួយ ប៉ុន្តែមិនមែនដោយសារតែ “នរណាម្នាក់ធុញទ្រាន់នឹងសង្រ្គាម” ឬតាមរយៈការដោះដូរជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នោះទេ ដែលនេះជាសេចក្ដីយោងទៅលើសំណើដែលថាឱ្យអ៊ុយក្រែនប្រគល់ទឹកដីមួយចំនួនដែលកាន់កាប់ដោយរុស្ស៊ី ដើម្បីដោះស្រាយជម្លោះ។

លោក Zelenskiy លើកឡើងថា “សង្រ្គាមនេះមិនអាចស្ងប់ស្ងាត់ដោយត្រឹមតែការពិភាក្សាបានទេ ប៉ុន្តែសកម្មភាពជាក់ស្ដែងគឺចាំបាច់ណាស់” និងថ្លែងអំណរគុណដល់ប្រទេសនានាដែលបានផ្តល់ការគាំទ្រដល់អ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្តថា “លោក ពូទីន នឹងមិនបញ្ឈប់សកម្មភាពកម្រោលដោយខ្លួនឯងទេ មានតែត្រូវបង្ខំឱ្យរុស្ស៊ី មកចរចាសន្តិភាពប៉ុណ្ណោះ”។

អ៊ុយក្រែន ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។ ជ័យជម្នះរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump លើអនុប្រធានាធិបតី លោកស្រី Kamala Harris ក្នុងការបោះឆ្នោតអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា អាចជំរុញឱ្យមានការកំណត់ឡើងវិញនូវគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីអ៊ុយក្រែន ដែលពឹងផ្អែកខ្លាំងលើការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *