លោក Netanyahu៖ អ៊ីស្រាអែល «បានសងសឹក» ដោយការសម្លាប់លោក Nasrallah

នាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃសោរ៍ (ទី២៨ ខែកញ្ញា) បាននិយាយថា អ៊ីស្រាអែលបាន «បានសងសឹក» ដោយការសម្លាប់ប្រមុខរបស់ក្រុមហសេបូឡា គឺលោក Hassan Nasrallah (ហាសសាន ណាស្រាឡា) នៅក្នុងការវាយប្រហារតាមអាកាស ក្នុងទីក្រុង Beirut (បេរូត)។

ក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់លោក គិតចាប់តាំងពីការស្លាប់របស់លោក Nasrallah នៅមួយថ្ងៃមុននេះ លោក Netanyahu បានលើកឡើងថា៖ «យើងសងសឹកបានសម្រេចជាមួយអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់ប្រជាជនអ៊ីស្រាអែលរាប់មិនអស់ និងពលរដ្ឋជាច្រើននៃប្រទេសផ្សេងទៀត ក្នុងនោះរួមមានទាំងជនជាតិអាមេរិករាប់រយនាក់ និងជនជាតិបារាំងរាប់សិបនាក់ផងដែរ»។

ការលើកឡើងរបស់លោកនេះ គឺបានសំដៅដល់ការទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៨៣ ក្នុងទីក្រុងបេរូត ដែលបានសម្លាប់មនុស្ស ៦៣នាក់ នៅស្ថានទូតអាមេរិក និងទាហានម៉ារីនអាមេរិក ២៤១នាក់ និងទាហានឆ័ត្រយោងបារាំង ៥៨នាក់ នៅឯបន្ទាយរបស់ពួកគេ។

លោក Netanyahu បាននិយាយថា ដរាបណា «ភេរវករ» គឺលោក Nasrallah នៅមានជីវិត រូបគេនឹង «ស្តារឡើងវិញយ៉ាងឆាប់រហ័សនូវសមត្ថភាពដែលយើងបានលុបបំបាត់ពីក្រុមហេសបូឡា» នៅក្នុងប្រតិបត្តិការជាបន្តបន្ទាប់ នាពេលថ្មីៗនេះ។

យោងតាមលោក Netanyahu ដែលបានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ទាំងក្នុងប្រទេស និងក្រៅប្រទេស ជុំវិញគោលនយោបាយសង្រ្គាមរបស់លោក បានឲ្យដឹងថា បន្ទាប់ពីមានការប្រយុទ្ធគ្នាជិតមួយ ១ឆ្នាំ នៅតំបន់ហ្កាហ្សាស្ទ្រីប ការសម្លាប់មេដឹកនាំក្រុមហេសបូឡា គឺមានសារៈសំខាន់ ដើម្បីសម្រេចបាននូវគោលដៅរបស់អ៊ីស្រាអែល៕