[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីនៅនេប៉ាល់ កើនឡើងដល់ ១៧០នាក់ និងរាប់សិបនាក់បាត់ខ្លួន

សារព័ត៌មាន Press Trust of India (PTI)បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៧០ នាក់ និង៤២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីដែលបានបង្កការបំផ្លិចបំផ្លាញនៅប្រទេសនេប៉ាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

នគរបាលនេប៉ាល់បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅទូទាំងប្រទេស និងបាននិយាយថាចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត ខណៈមានរបាយការណ៍ពីភូមិនានាទូទាំងប្រទេស។

ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស ១៧០ នាក់បានស្លាប់ មនុស្ស១១១ នាក់បានរងរបួស និង ៤២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ បំណាក់ដី និងទឹកជំនន់ដ៏ធ្ងន់ធ្ងរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃនេប៉ាល់ លោក រីស៊ីរ៉ាំ ផូខារ៉េល (Rishiram Pokharel) បាននិយាយថា រដ្ឋាភិបាលបានបញ្ជូនភ្នាក់ងារសន្តិសុខទាំងអស់សម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ លោកបានបន្ថែមថា កងទ័ពនេប៉ាល់បានប្រើយន្តហោះជួយសង្រ្គោះមនុស្សប្រមាណ១៦២ នាក់នៅទូទាំងប្រទេស។

ទឹកជំនន់ និងបំណាក់ដីទាក់ទងនឹងភ្លៀងធ្លាក់ដ៏មហន្តរាយ តែងកើតមានជាធម្មតា នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ អំឡុងរដូវមូសុងចាប់ពីខែមិថុនាដល់ខែកញ្ញា ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងបង្កើនភាពញឹកញាប់ និងស្ថានភាពកាន់តែធ្ងន់ធ្ងរដល់ប្រទេសនេះ៕