ក្រុមជំទាស់អាល់បានី តវ៉ាប្រឆាំងនឹងការដាក់ពន្ធនាគារដោយដុតកៅអីនៅក្រៅសភា

អ្នកនយោបាយមានគំនិតផ្ទុយរបស់ប្រទេសអាល់បានី បានគរកៅអីឈើ ហើយដុត នៅខាងក្រៅ​សភា នៅថ្ងៃចន្ទ (ទី១ ខែតុលា) នេះ ដើម្បីប្រឆាំងនឹងការដាក់ពន្ធនាគារសហសេវិកម្នាក់។

អំឡុង​ពេលចាប់ផ្តើមនៃសម័យប្រជុំសភា សមាជិកគណបក្សប្រឆាំង បានកាន់កៅអីពីបន្ទប់សភា ហើយដុត នៅកាំជណ្ដើរនៃអគារនោះ។ ក្រុមសន្តិសុខបានបាញ់ពន្លត់អគ្គិភ័យនោះយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក សាលាឧទ្ធរណ៍របស់ប្រទេសអាល់បានី បានតម្កល់សាលក្រមរបស់តុលាការជាន់ទាបដែលកាត់ទោសលោក Ervin Salianji សមាជិកគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។

តុលាការជាន់ទាបបានរកឃើញថា លោក Salianji មានទោសពីបទធ្វើរបាយការណ៍មិនពិតប្រឆាំងនឹងអតីតរដ្ឋមន្ត្រីមហាផ្ទៃ។ លោក Salianji បានបដិសេធរាល់ការប្រព្រឹត្តខុស ហើយបានពណ៌នាការជំនុំជម្រះនេះថា មានហេតុផលនយោបាយ។

ប្រធានសភាលោកស្រី Elisa Spiropali របស់គណបក្សសង្គមនិយមដែលកំពុងកាន់អំណាច បាននិយាយថា តាមរយៈការដុតកៅអីនេះ តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ បានបង្ហាញពី «ការមិនគោរពចំពោះប្រជាពលរដ្ឋ»៕