ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៥ស្ថាប័ន ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា

វ៉ាស៊ីនតោនឌីស៊ី៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៥ស្ថាប័ន ក្រោមការសម្របសម្រួលពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជារួចរាល់ពិនិត្យលទ្ធភាពដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត និងចំពោះក្រុមហ៊ុនដែលពុំទាន់បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាសូមពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុននាពេលណាមួយខាងមុខនេះក្រោមកិច្ចសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕