អ៊ីរ៉ង់ផ្ញើសារទៅអាមេរិក ដោយភ្ជាប់ការព្រមានពីការឆ្លើយតបមិនធម្មតា ក្នុងករណីមានការវាយប្រហារថ្មីរបស់អ៊ីស្រាអែល

អ៊ីរ៉ង់ បានប្រាប់សហរដ្ឋអាមេរិកតាមរយៈអន្តរការីថា ការវាយប្រហារណាមួយរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងជួបប្រទះការវាយបកវិញនូវការឆ្លើយតបមិនធម្មតា ដែលរួមទាំងការផ្តោតលើហេដ្ឋារចនាសម្ព័ន្ធអ៊ីស្រាអែល។

នៅក្នុងការថ្លែងផ្តាច់មុខទៅកាន់សារព័ត៌មាន Al Jazeera មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសរបស់លោកបានផ្ញើសារទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសកាតា ដោយសង្កត់ធ្ងន់អំពីការកើនឡើងនៃភាពតានតឹងក្នុងតំបន់បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល។

នៅក្នុងសារនោះ ទីក្រុងតេអេរ៉ង់ បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា“ដំណាក់កាលនៃការអត់ធ្មត់ជាឯកតោភាគីបានបញ្ចប់ហើយ” ដោយបន្ថែមថា “ការអត់ធ្មត់សម្រាប់ខ្លួនឯងពុំធានាបាននូវតម្រូវការសន្តិសុខជាតិរបស់យើងទេ”។

សារប្រយោលនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់មិនចង់មានសង្រ្គាមក្នុងតំបន់នោះទេ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ អ៊ីស្រាអែលបានសន្យាឆ្លើយតបបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានវាយប្រហាររលកទី២ដោយការបាញ់មីស៊ីលបាលីស្ទីកលើគោលដៅយោធា និងសន្តិសុខក្នុងប្រទេសអ៊ីស្រាអែល៕