រដ្ឋតិចសាស់ របស់អាមេរិក ប្តឹង TikTok ពីបទរំលោភលើឯកជនភាពរបស់កុមារ

រដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុន ទីកតុក (TikTok) កាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) ដោយចោទប្រកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះថាបានរំលោភបំពានលើភាពឯកជនរបស់កុមារ និងច្បាប់របស់រដ្ឋដោយការចែករំលែកព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់កុមារដោយពុំមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់ពួកគេ។

បណ្តឹង ដែលដាក់ដោយដោយប្រមុខមន្រ្តីយុត្តិធម៌ប្រចាំរដ្ឋតិចសាស់ លោក ខែន ផាកថុន (Ken Paxton) ស្វះស្វែងរកដីកា និងប្រាក់ពិន័យតាមច្បាប់រដ្ឋប្បវេណីរហូតដល់ ១០.០០០ដុល្លារ សម្រាប់ការបំពាននីមួយៗនៃច្បាប់មាត្រា ធានាសុវត្ថិភាពកុមារលើអ៊ីនធឺណិតតាមរយៈច្បាប់ផ្តល់សិទ្ធិអំណាចពីមាតាបិតា ឬហៅកាត់ថាច្បាប់ ស្កូប (SCOPE) របស់រដ្ឋ។

លោក Paxton បាននិយាយថា TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន បៃឌែនស៍ (ByteDance) មានមូលដ្ឋាននៅប្រទេសចិន មិនផ្តល់មុខងាររឹតបន្តឹងឯកជនភាព និងការដាក់កម្រិតលើគណនីរបស់កុមារ ហើយអនុញ្ញាតឱ្យមានការចែករំលែកព័ត៌មាននានាសូម្បីតែពីគណនីដែលដាក់ជា “ឯកជន” (Private Setting) ក៏ដោយ និងអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មដាក់គោលដៅលើកុមារ។

លោក Paxton បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា TikTok និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតត្រូវតែទទួលខុសត្រូវចំពោះការកេងប្រវ័ញ្ចលើកុមារនៅរដ្ឋតិចសាស់ និងការខកខានមិនបានផ្តល់អាទិភាពដល់សុវត្ថិភាព និងឯកជនភាពតាមអ៊ីនធឺណិតរបស់អនីតិជន។ ក្រុមហ៊ុន TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕