អង្គការសប្បុរសធម៌៖ ជម្លោះនៅហៃទី រុញច្រានកុមារ ១៧% ឱ្យខិតទៅជិតគ្រោះទុរ្ភិក្ស

យោងតាមរបាយការណ៍ពីអង្គការសប្បុរសធម៌ សង្រ្គោះកុមារ (Save the Children) បានឱ្យដឹងថា កុមារម្នាក់ក្នុងចំណោម ៦នាក់នៅក្នុងប្រទេសហៃទី ឬស្មើនឹង ១៧% កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារបន្ទាន់ ដែលខិតទៅជិតគ្រោះទុរ្ភិក្សដ៏មហន្តរាយ។ ហៃទី ត្រូវបានរួមរឹតនៅក្នុងវិបត្តិសង្គម និងនយោបាយ ជាមួយនឹងអំពើហិង្សាធ្ងន់ធ្ងរ ជាពិសេសក្នុងចំណោមក្រុមប្រដាប់អាវុធនៅក្នុង និងជុំវិញរដ្ឋធានីព័រអូប្រាំង។

អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម (IPC) បានឱ្យដឹងថា ជម្លោះដែលកំពុងបន្ត បានធ្វើឱ្យមនុស្សចំនួន ៧០០.០០០នាក់ ត្រូវភៀសខ្លួនពីខាងក្នុង ខណៈមនុស្សប្រហែល ៥លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប កំពុងជួបការលំបាកដើម្បីចិញ្ចឹមក្រពះដោយសារតែវិបត្តិដ៏អាក្រក់នេះ។

ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារ IPC អង្គការសង្រ្គោះកុមារបាននិយាយថា កុមារជាង ៧៦០.០០០នាក់ នៅហៃទី ប្រឈមមុខនឹងអសន្តិសុខស្បៀងដ៏គ្រោះថ្នាក់ ជាមួយនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងហានិភ័យខ្ពស់នៃការស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន។

អង្គការនេះបាននិយាយថា នោះគឺជាកំណើន ២១% នៃចំនួនកុមារដែលមានហានិភ័យចាប់តាំងពីខែមីនា មក ដោយសារតែការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធនៅក្នុងប្រទេស។ របាយការណ៍បន្ថែមថា ក្រៅពីអំពើហិង្សា ហៃទីក៏កំពុងជួបប្រទះកំណើនអតិផរណាផងដែរ ដែលជំរុញឱ្យពលរដ្ឋត្រូវបែងចែក ៧០% នៃការចំណាយរបស់ពួកគេទៅលើថ្លៃម្ហូបអាហារ៕