អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ​មួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)ទទួលបានចំណាត់ថ្នាក់​លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត ២០២៤ ដែលរៀបចំឡើងដោយ​ក្រុមប្រឹក្សាអន្តរជាតិបណ្ណសារ (ICA/SPO) ហើយត្រូវបានប្រកាសជាផ្លូវការនៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិលើកទី៤ ស្តីពីការប្រកួតបណ្ណសារក្នុងទីក្រុងជីរ៉ូណា ប្រទេសអេស្ប៉ាញ។

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាល​ស្ដីទីនៃ អ.វ.ត.ក. បានសាទរចំពោះលទ្ធផលនេះ ដោយបានគូបញ្ជាក់ថា “ការទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិតនេះគឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី និងការ​សហការគ្នា។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការច្នៃប្រឌិត​ដ៏​ខ្ពស់​របស់ក្រុមការងារទាំងមូលរបស់យើងនៅ អ.វ.ត.ក. នេះ។ ប្រាកដណាស់​យើងទាំងអស់គ្នាមិនត្រឹម តែបំពេញការងារជាអ្នកថែរក្សាប្រវត្តិសាស្រ្តរបស់​យើង​នោះទេហើយយើងក៏កំពុងតែរៀបចំឯកសារប្រវត្តិសាស្ដ្ររបស់​យើងឱ្យ​ចូលទៅក្នុងយុគសម័យឌីជីថលផងដែរ។”

ឯកឧត្តមបន្ថែមថា ការប្រកួតនេះមិនត្រឹមតែជាវេទិកាដើម្បីបង្ហាញពីជំនាញ​បណ្ណសារទូរនិម្មិតប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសមួយ ដើម្បីលើកកម្ពស់ការ​យល់ដឹងអំពីតួនាទីដ៏សំខាន់របស់បណ្ណសារនុរក្ស ជាពិសេសនៅក្នុងប្រទេស​ដូច​ជាប្រទេសកម្ពុជា ដែលវិជ្ជាជីវៈនេះនៅតែមិនទាន់ត្រូវបានស្គាល់ទូលំ​ទូលាយ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតបណ្ណសារទូរនិម្មិតដែលរៀបចំឡើងដោយក្រុម​ប្រឹក្សាអន្ដរជាតិបណ្ណសារនេះមានបណ្ណសារជាច្រើន ជុំវិញពិភពលោកបាន​ចូលរួមតាមរយៈការតម្រូវឱ្យផលិតវីដេអូខ្លីៗដើម្បីបង្ហាញពីសមត្ថភាពជំនាញរបស់បណ្ណសារនុរក្សរបស់ពួកគេក្នុងការគ្រប់គ្រងបណ្ណសារ និងកំណត់ត្រា ហើយចែកចាយវីដេអូទាំងនោះនៅក្នុងបណ្ដាញសង្គមដូច Instagram និងTwitter។ ហើយលទ្ធផលចំណាត់ថ្នាក់លេខមួយដែល អ.វ.ត.ក. ទទួលបាននេះ ត្រូវបានវាយតម្លៃថា ការអនុវត្តការងាររបស់បណ្ណសារ​នុរក្សរបស់ អ.វ.ត.ក. មានភាពរហ័សរហួន ភាពអត់ធ្មត់ និងការសហការជាក្រុម។

ក្រៅពី អ.វ.ត.ក. ក៏មានជ័យលាភីចំណាត់ថ្នាក់លេខមួយផ្សេងទៀតផងដែរ​គឺមជ្ឈមណ្ឌលបណ្ណសារជនបរទេសមកពីប្រទេស ហូឡង់។ ចំណែក​ចំណាត់ថ្នាក់លេខ២បានទៅលើបណ្ណសារ Archivo de la Diputación Provincial de Alicante ក្នុងប្រទេសអេស្ប៉ាញ និងសារមន្ទីរអក្សរសាស្ត្រ និងសិល្បៈនៃប្រទេសអ៊ុយក្រែន។ ចំណាត់ថ្នាក់លេខ៣បានទៅលើបណ្ណសារ ជាតិស្រីលង្កា នៃប្រទេសស្រីលង្កា សារមន្ទីរ Arxiu Museu Marítim de Barcelona និងបណ្ណសារ Subdirección General de los Archivos Estatales នៃប្រទេសអេស្ប៉ាញ។

បណ្ណសាររបស់ អ.វ.ត.ក. ជាបណ្ណសារមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបាន​រៀបចំឡើងស្របតាមបទដ្ឋានអន្ដរជាតិ ដើម្បីគ្រប់គ្រង និងរក្សាទុកឯកសារជំនុំ​ជម្រះក្ដីលើរបបខ្មែរក្រហម។ នៅក្នុងបណ្ណសារនេះ មានឯកសារច្រើនជាង ២៣២ ០០០ ច្បាប់ ស្មើនឹងជិត ២.៤ លានទំព័រ និង ឯកសារថតជាវីដេអូ និងជាសម្លេងច្រើនជាង ១១ ០០០ម៉ោង។

អ.វ.ត.ក. បានចូលរួមជាសមាជិនៃក្រុមប្រឹក្សាអន្តរជាតិស្តីពី​បណ្ណសារ​(ICA)ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទទួលបាន អត្ថប្រយោជន៍ពីអ្នក​ជំនាញអន្ដរជាតិ និងចូលរួមចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការ​គ្រប់គ្រងបណ្ណសារបណ្ណសារផងដែរ។ កិច្ចសហការនេះបានជួយពង្រឹង​តួនាទីរបស់ អ.វ.ត.ក. ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងការអនុវត្តការងារផ្នែកបណ្ណសារប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា៕ ដោយ៖ មុនី