មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោកតវ៉ាប្រឆាំងសង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈការបង្ហូរឈាមនៅហ្កាហ្សាចូលដល់១ឆ្នាំ

បាតុកររាប់ម៉ឺននាក់បានដើរដង្ហែក្បួនតវ៉ាក្នុងទីក្រុងនានាជុំវិញពិភពលោកកាលពីចុងសប្តាហ៍នេះ អំពាវនាវឱ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា និងលីបង់ ខណៈថ្ងៃទី៧តុលាឆ្នាំ២០២៤នេះ គឺជាខួបមួយឆ្នាំនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ។ការតវ៉ាបានផ្ទុះឡើងទាំងនៅទ្វីប អឺរ៉ុប អាហ្រ្វិក អាស៊ី និងអាមេរិក។

ការវាយលុកយោធាសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង៤.១០០០នាក់ នៅតំបន់ហ្កាហ្សា ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខដែលផ្តល់ដោយក្រសួងសុខាភិបាលដែនដីនេះ និងត្រូវបានពិពណ៌នាថាគួរឱ្យទុកចិត្តដោយអង្គការសហប្រជាជាតិ។ពេលនេះយោធាអ៊ីស្រាអែលបានបើករសមរភូមិថ្មីប្រឆាំងក្រុមហេសបូឡានៅលីបង់ដែលបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។

នៅប្រទេសបារាំង ដែលជាផ្ទះរបស់សហគមន៍មូស្លីម និងជ្វីហ្វធំជាងគេនៅអឺរ៉ុប ក្រុមអ្នកតវ៉ាបានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈផ្ទុះបាតុកម្មកាលពីថ្ងៃសៅរ៍នៅទីក្រុងប៉ារីស លីយ៉ុង ទូលូស ប័រដូ និងស្ត្រាសប៊ឺក ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។

នៅប្រទេសអាល្លឺម៉ង ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន៣.៥០០នាក់ ចេញតវ៉ាទូទាំងទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យទាមទារឲ្យដោះលែងតំបន់ហ្កាហ្សា និងពលរដ្ឋប៉ាឡេស្ទីន ខណៈខួបនៃសង្រ្គាមនេះបានឈានដល់មួយឆ្នាំ។

នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករ និងនគរបាលនៅឯបាតុកម្មគាំទ្រប៉ាឡេស្ទីនគ្មានការអនុញ្ញាតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីរបស់អ៊ីតាលី។

ចំណែកនៅចក្រភពអង់គ្លេស វិញ ទូរទស្សន៍ BBC បានរាយការណ៍ថា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនប្រហែល៤ម៉ឺននាក់ បានដើរក្បួនតវ៉ានៅកណ្តាលទីក្រុងឡុងដ៍ ខណៈក្រុមអ្នកតវ៉ាទាមទារឱ្យបញ្ចប់ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ មនុស្សរាប់ម៉ឺននាក់បានដើរពីទីលានចតុរង្គ Russell ទៅកាន់ Whitehall ជាទីដែលសុន្ទរកថាបានធ្វើឡើងនៅខាងក្រៅវិមាននាយករដ្ឋ Downing Street ដោយមានប្រជាជនធ្វើដំណើរមកពីទូទាំងប្រទេសដើម្បីចូលរួម។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រុមបាតុករជាងមួយពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅសេតវិមានកាលពីថ្ងៃសៅរ៍ ដោយពួកគេទាមទារឱ្យបញ្ចប់សកម្មភាពយោធាសហរដ្ឋអាមេរិក និងជំនួយផ្សេងទៀតដល់សម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនគឺអ៊ីស្រាអែល។ ក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងលីបង់ ក្នុងចំណោមអ្នកផ្សេងទៀត ដោយមានមនុស្សជាច្រើនបានកាន់ស្លាកសញ្ញា និងស្រែកស្រុះគ្នាបង្ហាញពីសាមគ្គីភាពជាមួយបុព្វហេតុប៉ាឡេស្ទីន៕